ក្រសួងអប់រំ និងក្រសួងសុខាភិបាល នឹងពិចារណាត្រៀមបើកសាលារៀនឡើងវិញ!

នៅសប្ដាហ៍ក្រោយ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិភាក្សាទៅលើលទ្ធភាពក្នុងការបើកសាលារៀនឲ្យដំណើរការឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជិត ៤ ខែដោយសារតែជំងឺកូវីដ-១៩។ ការរៀបចំឲ្យបើកសាលារៀនឡើងវិញ ក្រសួងអប់រំ នឹងត្រូវធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល ត្រួតពិនិត្យ វាយតម្លៃ និងត្រូវបែងចែកវិធានការបើកជា ៣ ដំណាក់កាល ដើម្បីធានាសុវត្ថិភាពដល់ការសិក្សា។ 

យោងតាមប្រសាសន៍របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងត្រូវធ្វើឡើងជា ៣ ដំណាក់កាលផ្សេងៗគ្នា រួមមាន ដំណាក់កាលទី ១៖ សាលារៀនមានស្ដង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី ២៖ សាលារៀនមានស្ដង់ដាមធ្យម និងដំណាក់កាលទី ៣៖ សាលារៀនមានស្ដង់ដាអប្បបរមា។ 

នៅក្នុងន័យនេះ ក្រសួងអប់រំ បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ ចំពោះកាលបរិច្ឆេទ នៃការបើកសាលារៀនដំណាក់កាលទី ១ ក្រសួងអប់រំនឹងជម្រាបជូនជាសាធារណៈនៅពេលក្រោយ។ ចំណែកដំណាក់កាលទី ២ និងទី ៣ នឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី ១ ជាមុនសិន។

ដោយឡែក ចំពោះប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ បានឯកភាពគ្នាអនុញ្ញាតឲ្យបើកសាលារៀនជាបណ្ដើរៗឡើងវិញនាពេលខាងមុខនេះ។ 

ចំពោះជំហ៊ានដំបូង ក្រសួងនឹងបើកសាកល្បងសាលារៀនអន្តរជាតិចំនួន ១៥ ដែលមានស្ដង់ដារខ្ពស់ រួមមាន សាលាភាសាជប៉ុន អង់គ្លេស អាមេរិចកាំង និងបារាំង ជាមុនសិន ដែលមានសិស្សប្រមាណ ២ ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗ សាលាអន្តរជាតិទាំងនោះ ត្រូវដាក់ពាក្យស្នើសុំមកក្រសួងជាមុនសិន ដើម្បីឲ្យក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ ឲ្យស្របតាមការណែនាំពីក្រសួងសុខាភិបាល មុននឹងចុះអនុស្សរណៈអនុញ្ញាតឲ្យបើកជាផ្លូវការ។ 

លោកស្រីបន្ថែមថា សាលាទាំងនោះ ត្រូវគោរពតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ក្នុងនោះរួមមាន ការអនុវត្តរក្សាគម្លាតសុវត្ថិភាពសង្គម ដូចជាការដាក់សិស្សមិនលើសពី ១៥ ក្នុងមួយថ្នាក់ និងការធ្វើតេស្ដរកកូវីដ-១៩ ទាំងគ្រូ ទាំងសិស្ស មុននឹងចាប់ផ្ដើមចូលរៀន។ 

គូសបញ្ជាក់ថា គិតមកដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០ នេះកម្ពុជា បានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានសរុប ១៤១ នាក់ ដោយក្នុងនោះអ្នកជំងឺ ១៣១ នាក់បានជាសះស្បើយមកហើយ នៅសល់តែអ្នកជំងឺ ១០ នាក់កំពុងសម្រាកព្យាបាល ហើយគ្មានករណីស្លាប់ឡើយ។