កូរ៉េខាងត្បូង សម្រេចអនុវត្តវិធានការគម្លាតសង្គមម្ដងទៀត ក្រោយផ្ទុះករណីកូវីដ ១៩ បន្ថែមថ្មី

សេអ៊ូល៖ កូរ៉េខាងត្បូង គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានករណីផ្ទុះវីរុសឆ្លងកូវីដ ១៩ ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន កាលពីដើមឆ្នាំ ២០២០ កន្លងទៅ។ ស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រទេសនេះបានធូស្បើយច្រើន កាលពីពេលថ្មីៗកន្លងទៅ ដោយសារតែមានការរឹតបន្តឹងការអនុវត្តគោលការណ៍ ការពារ និងទប់ស្កាត់ការឆ្លង និងរីករាលដាលបន្ថែមថ្មី។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូង កាលពីម្សិលមិញនេះ បានកំពុងប្រឈមនឹងការផ្ទុះឡើងថ្មីៗបន្ថែមទៀតហើយ។

ប្រភពព៍ត៌មានអន្តរជាតិបានចេញផ្សាយឱ្យដឹងថា កូរ៉េខាងត្បូង បានកំពុងប្រឈមមុខនឹងការផ្ទុះករណីឆ្លងបន្ថែមថ្មីៗទៀត នៃវីរុសកូវីដ ១៩ ដែលបានបង្ករឱ្យមានការភ័យព្រួយ និងបារម្មណ៍អំពីរលកទី ២ ដែលនឹងមកដល់ឆាប់ៗខាងមុខ។ ករណីវិជ្ជមានថ្មី នៃការឆ្លងរបស់កូរ៉េខាងត្បូង ត្រូវបានឱ្យដឹងថា មានចំនួន ៦៣ ករណី គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដោយករណីទាំងនោះ ភាគច្រើន គឺជាការឆ្លងនៅក្នុងផ្ទៃប្រទេសផ្ទាល់តែម្ដង គ្រាន់តែលើកនេះ ករណីឆ្លងមិនកើតមានឡើងនៅក្នុងទីក្រុងសេអ៊ូល ដូចសព្វមុនដងឡើយ គឺកើតឡើងនៅទីក្រុង Gwangju។ 

ការផ្ទុះឡើងវិញ នៃការឆ្លង និងរីករាលដាលថ្មីនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-Kyun បានប្រកាសប្រាប់ឱ្យដាក់ទីក្រុងមួយនេះ នៅក្នុងការរឹតបន្តឹង ដោយតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូប អនុវត្តវិធានការ គម្លាតសង្គម (Social Distancing) ទៅកាន់ជំហានទី២ ដោយក្នុងនោះ រួមមានការនៅក្នុងគេហដ្ឋាន ហាមឃាត់ការប្រមូលផ្ដុំក្រោម ៥០ នាក់ សម្រាប់ (Indoor) និងក្រោម ១០០ នាក់ (Outdoor)។ នៅក្នុងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីវិធានការគម្លាតស្គមនេះ ដោយបែកចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី២ នេះ នឹងតម្រូវឱ្យមានការបិទទ្វារអាជីវកម្ម សហគ្រាស រោងចក្រ សាលារៀន និងទីកន្លែងប្រជុំជននានា ជាបណ្ដោះអាសន្នជាដើម។

អាជ្ញាធរនៃទីក្រុង Gwangju បានកំពុងចាត់វិធានការបន្ទាន់ ក្នុងការស៊ើបអង្កេត ករណីឆ្លងថ្មីនេះអំពីចំណុចឆ្លងដំបូង និងចាត់វិធានការការពារចំពោះប្រជាជននៅតាមតំបន់ឱ្យមានសុវត្ថិភាព យ៉ាងសកម្មផងដែរ។ រដ្ឋាភិបាល ក៏បានព្រមានថា នឹងដាក់ការរឹតបន្តឹងបន្ថែមទៀត ប្រសិនបើករណីផ្ទុះឡើងថ្មី អាចនឹងកើតមានឡើងជាបន្តបន្ទាប់ពេលខាងមុខ។ គួរបញ្ជាក់ថា ករណីឆ្លងថ្មី នៃវីរុសកូវីដ ១៩ នៅកូរ៉េខាងត្បូង រួមបញ្ចូលទាំងករណីចាស់ៗសរុបទាំំងអស់កើនឡើងដល់ ១៣,០៣០ នាក់ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយចំនួន ១១,៧៥៩ នាក់ និងស្លាប់ចំនួន ២៨២ នាក់៕