ប្រទេសថៃ៖ រោងចក្រចំនួន ៤០៤ កន្លែងបានផ្អាកអាជីវកម្ម និងប៉ះពាល់ដល់និយោជិកប្រមាណ ១៦,០០០ នាក់!

យោងតាមរបាយការណ៍ពីនាយកដ្ឋានការងារឧស្សាហកម្មថៃ ដែលបានចេញផ្សាយតាមរយៈកាសែត Bangkok Post បានបញ្ចាក់ថា នៅក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០២០ ប្រទេសថៃមានរោងចក្រសរុប ៤០៤ កន្លែងបានផ្អាកអាជីវកម្ម ហើយបានប៉ះពាល់ដល់ការងារ និងជីវភាពរបស់និយោជិកប្រមាណ ១៦,៦៨០ នាក់ ធ្វើឲ្យវិស័យឧស្សាហកម្មបានបាត់បង់ចំណូលជាង ២៥,៤០០ លានបាត (ប្រហែល ៨១៦ លានដុល្លារ) នៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ។ 

លោក Prakob Vivitjinda អគ្គនាយកដ្ឋានការងារឧស្សាហកម្មថៃ បានឲ្យដឹងថា រោកចក្រសរុប ៤០៤ កន្លែងដែលបានផ្អាកអាជីវកម្ម និងបិទទ្វារអាជីវកម្មតែម្ដងទាំងនោះ ភាគច្រើនគឺជាសហគ្រាសតូចៗ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្ដការងារទៅមុខបាន ខណៈពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ បានបង្អាក់ដល់ចង្វាក់ផលិតកម្ម តម្រូវការធ្លាក់ចុះ កង្វះវត្ថុធាតុដើម និងកង្វះហិរញ្ញវត្ថុសម្រាប់ទប់ទល់។ 

លោកអគ្គនាយកដ្ឋាន បានបង្ហាញក្ដីបារម្ភចំពោះឧស្សាហកម្មក្នុងប្រទេសថៃ ដែលកំពុងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងកាលពីឆមាសទី ១ ឆ្នាំ ២០១៩ ប្រទេសថៃមានរោងចក្របិទទ្វារអចិន្ត្រៃច្រើនរហូតដល់ ៦៦៦ រោងចក្រឯណោះ ពោលគឺការបិទទ្វារច្រើនជាងនៅក្នុងវិបត្តិជំងឺកូវីដនេះទៅទៀត។ 

យ៉ាងណាមិញ នាយកដ្ឋានការងារឧស្សាហកម្មថៃ ក៏បានបង្ហាញក្ដីសង្ឃឹមវិញផងដែរ ដោយសារតែរយៈពេល ៦ ខែក្នុងឆ្នាំ ២០២០ គេទទួលបានគម្រោងស្នើសុំវិនិយោគរោងចក្រចំនួន ១,៧០២ កន្លែង ស្មើនឹងតម្លៃវិនិយោគជាង ១៧៤.៨ ពាន់លានបាត (៥.៦ ពាន់លានដុល្លារ) បានចុះបញ្ជីជាផ្លូវការ ដែលមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០.២%។ រាជរដ្ឋាភិបាលថៃ ក៏ព្យាយាមទាក់ទាញការវិនិយោគរោងចក្រឲ្យបានច្រើនជាងគេនៅក្នុងតំបន់ប្រទេសអាស៊ានផងដែរ ដោយមានជំនឿថាប្រទេសថៃនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយអាជីវកម្មកំពុងប៉ះពាល់ និងទទួលយកការពង្រីកផលិតកម្មក្នុងតំបន់។ 

លោក Prakob បានបញ្ជាក់ដែរថា នាយកដ្ឋានការងារឧស្សាហកម្ម បានស្នើរទៅដល់ក្រសួងឧស្សាហកម្មនូវផែនការស្តារនីតិសម្បទាសេដ្ឋកិច្ចចំនួន ៥ គម្រោង សរុបជាទឹកប្រាក់ ១៤៨ ពាន់លានបាត (ប្រហែល ៤.៧ ពាន់លានដុល្លារ) ដើម្បីរៀបចំស្ដារសេដ្ឋកិច្ចក្នុងវិស័យឧស្សាកម្ម និងជួយដល់រោងចក្រដែលកំពុងវិនិយោគក្នុងស្រុក។ ចំណែករោងចក្រនីមួយៗក៏មានសិទ្ធស្នើសុំកម្ចី ក្នុងអត្រាការប្រាក់ទាប ពីរាជរដ្ឋាភិបាលផងដែរ ប្រសិនបើមានវិបត្តិផ្នែកហិរញ្ញវត្ថុក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។