ផ្លូវដែកប្រវែង ២០២ គីឡូម៉ែត្រខេត្តយូណាន ប្រទេសចិន ត្រៀមប្រើប្រាស់សម្រាប់រថភ្លើងល្បឿនលឿន និងភ្ជាប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា!

ប្រទេសចិន ព្យាយាមអភិវឌ្ឍន៍ផ្លូវដែកភាគខាងត្បូងច្រើនក្នុងរយៈពេលចុងក្រោយនេះ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស និងភ្ជាប់ទៅកាន់ផ្លូវដែកអន្តរជាតិដែលមានព្រំប្រទល់ជាប់ខេត្តយូណាន រួមមាន ប្រទេសឡាវ (ទៅដល់រដ្ឋធានីវៀងច័ន្ទន៍), ប្រទេសវៀតណាម (ទៅទីក្រុងហៃផុង) និងប្រទេសមីយ៉ាន់ម៉ា (ទៅដល់ខេត្ត Kyauk Phyu ច្រកសមុទ្រ Bengal)។ ចំណែក នេះជាផ្លូវដែក ត្រៀមស្វាគមន៍ការប្រើប្រាស់រថភ្លើងល្បឿនលឿនដំបូងបំផុតប្រចាំខេត្តយូណាន ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១ ហើយក៏ស្ថិតក្នុងគម្រោងផ្លូវដែកភ្ជាប់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ផ្លូវដែកមួយខ្សែនេះមានឈ្មោះថា Dali-Lincang Railway ដែលភ្ជាប់ពីទីក្រុង Dali ជាមួយទីក្រុង Lincang ក្នុងខេត្តយូណាន ប្រទេសចិន មានប្រវែង ២០២ គីឡូម៉ែត្រ និងមានការសាងសង់ផ្លូវក្រោមដីប្រវែង ១២.៣ គីឡូម៉ែត្រកាត់ភ្នំ Hengduan ផងដែរ។ គម្រោងនេះត្រូវបានចាប់ផ្ដើមការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៥ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២១ សម្រាប់បម្រើជាប្រយោជន៍សេដ្ឋកិច្ចក្នុងប្រទេស លើសពីនេះវាក៏ស្ថិតនៅក្នុងគម្រោងការភ្ជាប់ទៅកាន់ផ្លូវដែកអន្តរជាតិភាគខាងត្បូង នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដើម្បីភ្ជាប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមច្រកខេត្ត Muse ទៅដល់ទីក្រុង Mandalay និងភ្ជាប់ទៅដល់តំបន់សេដ្ឋកិច្ចពិសេស ឬច្រកសមុទ្រនៃខេត្ត Kyauk Phyu តែម្ដង។ 

ផ្លូវដែក Dali-Lincang Railway និងបើកលទ្ធភាពឲ្យមានការប្រើប្រាស់រថភ្លើងល្បឿនលឿនដំបូងបង្អស់ក្នុងខេត្តយូណាន ដែលមានល្បឿនអតិបរមាដល់ ១៦០ គីឡូម៉ែត្រ/ម៉ោង ជាប្រភេទរថភ្លើងអគ្គិសនី I-class ដែលចំណាយពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះសម្រាប់ចំងាយផ្លូវ ២០២ គីឡូម៉ែត្រនៃទីកក្រុងទាំង ២ នេះ ហើយក៏ងាយស្រួលភ្ជាប់ទៅកាន់ទីក្រុង Kunming ទៀតផងនៅពេលអនាគត។ 

ផលវិបាកមួយនៅលើគម្រោង Dali-Lincang Railway នេះគឺការសាងសង់ផ្លូវក្រោមដីកាត់ភ្នំ Hengduan ដែលមានឧស្ម័នពុលច្រើន ហើយការឆ្លងកាត់ភ្នំប្រវែង ១២.៣ គីឡូម៉ែត្រនេះ នឹងត្រូវឆ្លងកាត់សីតុណ្ហភាពលើសពី ៤០ អង្សាសេ ដូចនេះដើម្បីសុវត្ថិភាព ក្រុមបច្ចេកទេសសាងសង់នឹងបំពាក់កង្ហារមានកម្លាំង ៣៧០ គីឡូវ៉ាត់ និងប្រើប្រាស់ទឹកកកចំនួន ១០ តោនក្នុងមួយថ្ងៃសម្រាប់កាត់បន្ថយកម្ដៅក្នុងផ្លូវក្រោមដីនោះ។