កម្ពុជា ដាក់គោលការណ៍សុវត្ថិភាពទេសចរណ៍ Travel Bubble រំពឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិបណ្ដើរៗឡើងវិញ!

នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម ថោង ខុន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំយុទ្ធសាស្ត្រទទួលភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ និងកំណត់គោលដៅទេសចរណ៍ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺកូវីដ-១៩ គេហៅថា Travel Bubble។ 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាក្រសួងទេសចរណ៍ នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវអន្តរជាតិ ក្រោមការគ្រប់គ្រងត្រឹមត្រូវពីបណ្ដាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពីជំងឺកូវីដ-១៩។ 

ឯកឧត្តម បានបញ្ជាក់ថា ក្នុងអំឡុងពេលពិភពលោកទទួលរងការវាយប្រហារពីវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅកម្ពុជា ទទួលរងផលប៉ះពាល់ជាខ្លាំង ក្នុងនោះអាជីវកម្មធំៗក្នុងវិស័យទេសចរណ៍ជាង ៣,០០០ ទីតាំងត្រូវបានបិទទ្វារ និងផ្អាកអាជីវកម្ម បណ្ដាលឲ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០ នាក់។ 

ឯកឧត្តម ថោង ខុន បានបន្ដថា សម្រាប់គោលការណ៍ Travel Bubble ខាងលើនេះ កម្ពុជានឹងត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ពីតំបន់ដែលមានសុវត្ថិភាពពីការរាតត្បាតជំងឺកូវីដ-១៩ ហើយរំពឹងថាប្រសិនបើផែនការនេះនឹងធ្វើបានជោគជ័យ វិស័យទេសចរណ៍អន្តរជាតិនៅកម្ពុជា នឹងអាចងើបឡើងវិញបណ្ដើរៗ ពិសេសបង្កើតការងារនិងអាជីវកម្មដែលបានប៉ះពាល់។ លើសពីនេះ ក្រសួងនឹងជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗទៀត យកចិត្តទុកដាក់ខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ ដើម្បីផ្ដល់ទំនុកចិត្ត និងខិតខំថែរក្សាអនាម័យការពារជំងឺឆ្លង។ 

យ៉ាងណាមិញ គោលការណ៍សុវត្ថិភាពទេសចរណ៍ Travel Bubble ខាងលើនេះ អាចអនុវត្តទៅតាម លុះត្រាតែមានការគាំទ្រ និងឯកភាពពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាមុនសិន។