ស្ថានីយបូមទឹកកខ្វក់នៅក្រុងព្រះសីហនុ តម្លៃ ១៤០ លានដុល្លារ សាងសង់បាន ៣០% ហើយ

ព្រះសីហនុ៖ គម្រោងសាងសង់ស្ថានីយទឹកកខ្វក់ ស្ថិតក្នុងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល សម្រាប់ធ្វើការគ្រប់គ្រងទឹកស្អាតនៅក្រុងព្រះសីហនុ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី នៅពេលនេះបានសម្រេច ៣០% ហើយ និងបានកំពុងតែបន្តកិច្ចការសាងសង់បន្តទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ថានីយបូមទឹកកខ្វក់ មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ចំនួន ៣ កន្លែង បានកំពុងតែបន្តកិច្ចការសាងសង់យ៉ាងសកម្ម ដោយគិតមកត្រឹមដើមខែសីហានេះ បានបញ្ចប់ការសាងសង់បាន ៣០% ហើយ។ គម្រោងស្ថានីយគ្រប់គ្រងទាំង ៣ នោះ មានតួនាទីយ៉ាងសំខាន់ ក្នុងការបូមទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលទៅដល់ការកកស្ទះ ទឹកជំនន់ និងពង្រឹងនូវអនាម័យទឹកស្អាត ជាសោភ័ណ្ឌភាពនៃការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅក្រុងព្រះសីហនុ។

ស្ថិតក្នុងការចុះត្រួតពិនិត្យមើលគម្រោងស្ថានីយបូមទឹកកខ្វក់ ខាងលើ ឯកឧត្ដម  កឹម បូរី អនុរដ្ឋលេខាធិការ បានឱ្យដឹងថា គម្រោងដែលមានតម្លៃខ្លួនជាង ១៤៣ លានដុល្លារនោះ ត្រូវបានទទួលការអនុញ្ញាត ម៉ៅការសាងសង់ដោយក្រុមហ៊ុន BUCG ដែលកំពុងបន្តអនុវត្តតាមគម្រោង និងផែនការមេ។ ជុំវិញផែនការមេ គម្រោងនេះនឹងត្រូវអនុវត្ត ដោយចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០ ខាងមុខ ស្របតាមការរីកចំរើនជាបន្តបន្ទាប់របស់ខេត្ត។

ក្រសួងសាធារណការ ក៏បានចុះធ្វើការត្រួតពិនិត្យបន្ថែម ជុំវិញទីលានចាក់សំរាមថ្មី ដែលត្រូវបានចំនាយថវិការប្រមាណជា ៥ លានដុល្លារ ក្នុងការសាងសង់ ដើម្បីទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងរក្សាអនាម័យខ្ពស់នៅក្នុងទីរួមខេត្តផ្ទាល់។ គួរបញ្ជាក់ផងដែរថា ស្ថានីយបូមទឹកកខ្វក់នេះ មិនមែនជាស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ការចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុនោះទេ តែស្ថានីយនេះ នឹងសម្រួលទៅដល់ការបូមទឹកជំនន់ និងកខ្វក់ បញ្ជៀសការបង្ហូរចូលទៅក្នុងសមុទ្រ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន