ប្រទេសជប៉ុន ផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាច្រើនទីតាំង!

ប្រទេសជប៉ុន ដែលធ្លាប់ទទួលបានជោគជ័យលើការរាំងខ្ទប់បញ្ហារាតត្បាតជំងឺឆ្លងកូវីដ-១៩ កាលពីដំបូង និងបានបន្ថូរបន្ថយការធ្វើដំណើរឡើងវិញកន្លងទៅនេះ បែរជាបង្ករបញ្ហាឈានដល់ការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំជាថ្មីម្ដងទៀត តម្រូវឲ្យមានការធ្វើតេស្ដខ្ពស់ អាជីវកម្មបិទទ្វារ និងរឹតបន្ដឹងការ lockdown ជាថ្មីឡើងវិញ ហើយជនរងគ្រោះខ្លាំងបំផុតគឺប្រជាជនចំណាស់ ខណៈពេលដែលជប៉ុនជាប្រទេសមានអត្រាប្រជាជនចាស់ជាងគេបំផុតលើលោក។

អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសជប៉ុន បានទប់ស្កាត់ការឆ្លងរាតត្បាតយ៉ាងជោគជ័យ ជាពិសេសនៅតំបន់ទីក្រុងធំៗ ប៉ុន្តែនៅក្នុងខែកក្កដាករណីឆ្លងបានកើនឡើងខ្ពស់លើសពីពេលមុនៗទាំងអស់ ពោលក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ ថ្ងៃទី ៣០, ៣១ ខែកក្កដា និងថ្ងៃទី ០១, ០២, ០៣ ខែសីហា ប្រទេសជប៉ុនរកឃើញករណីឆ្លងថ្មីចន្លោះពី ១,០០០ ទៅ ២,០០០ នាក់ក្នុងមួយថ្ងៃ ភាគច្រើននៅក្នុងទីក្រុងសំខាន់ៗភាគខាងកើត ដែលបង្ខំឲ្យរាជរដ្ឋាភិបាលមានចំណាត់ការជាថ្មីលើការធ្វើដំណើរ និងដំណើរអាជីវកម្ម។

ត្រលប់ក្រោយបន្ដិច គិតចាប់ពីរលកទីមួយក្នុងខែមីនាមក ជប៉ុនបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ប៉ុន្តែក្រោយពីការគ្រប់គ្រងស្ថានការបានប្រសើរ និងមានចំនួនឆ្លងតិចតួច ជប៉ុនបានបើកប្រទេសឡើងវិញនៅដំណាច់ខែឧសភា ការធ្វើដំណើរត្រូវបានបន្ថូរបន្ថយ, អាជីវកម្មជាច្រើនបានដំណើរការវិញសូម្បីតែភោជនីយដ្ឋាន បាររាត្រី កីឡាដ្ឋានបោកចំបាប់, បើកជើងហោះហើរធ្វើដំណើរបែបជំនួញ, និងថែមទាំងបើកដល់ទេសចរណ៍សុវត្ថិភាព Travel Bubble ជាមួយប្រទេសមួយចំនួន និងលើកទឹកចិត្តដល់ទេសចរណ៍ក្នុងស្រុកទៀតផង ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ ផ្ទុយពីការរំពឹងទុក ការបើកសេដ្ឋកិច្ចក្នុងស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ មិនបានផ្ដល់ផលចំណេញដល់ប្រទេសជប៉ុនឡើយ ប៉ុន្តែគេត្រូវប្រឈមមុខនឹងការឆ្លងកាន់តែខ្លាំងឡើងៗ ដោយសារបើកប្រទេសឡើងវិញលឿនពេក។ 

ប្រទេសជប៉ុន បានសិក្សាយ៉ាងម៉ត់ចត់ទៅលើស្ថានភាពឆ្លងជំងឺកូវីដ-១៩ ទូទាំងសកលលោក ជាពិសេសគឺការទាញមេរៀនពីការផ្ទុះជំងឺកូវីដ-១៩ ក្នុងទ្វីបអឺរ៉ុប កាលពីខែមីនា ដែលបានគ្រប់គ្រងស្ថានភាពល្អប្រសើរ ហើយរយៈពេលចុងក្រោយនេះវិញ ជប៉ុន ហុងកុង អូស្ត្រាលី និងវៀតណាម ស្ថិតនៅក្នុងប្រទេសដែលទទួលរងរលកទី២ នៃការឆ្លងជំងឺកូវីដ-១៩ មិនខុសពីសហរដ្ឋអាមេរិច ដែលនៅតែបន្ដករណីឆ្លងជាប់ ហើយផ្ទុយពីប្រទេសណូវែហ្សូឡង់ ដែលបានព្យាបាលជាសះស្បើយទាំងស្រុង។ ទោះជាយ៉ាងនេះក្ដី ជប៉ុន នៅតែជាប្រទេសមានអត្រាអ្នកជាសះស្បើយខ្ពស់បំផុត បើធៀបនឹងចំនួនអ្នកឆ្លង ប៉ុន្តែគេពិបាកសន្និដ្ឋានទៅថ្ងៃខាងមុខ ព្រោះប្រទេសជប៉ុនមានប្រជាជនចំណាស់ជាងគេបំផុតមួយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ ប្រទេសជប៉ុនមានករណីឆ្លងសរុប ៣៩,១១៣ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៥,៩០៦ នាក់ និងស្លាប់ ១,០១៣ នាក់។

អ្វីទៅជាការសម្រេចចុងក្រោយ? បើគិតមកទល់ពេលនេះ រដ្ឋាភិបាលតាមបណ្ដាទីក្រុងមួយចំនួនបានសម្រេចប្រកាសស្ថានភាពអាសន្នជាថ្មីហើយ ជាក់ស្ដែងកោះ Okinawa បានអនុវត្តការ Lockdown រួចរាល់, ចំណែកការធ្វើដំណើរទេសចរណ៍ក្នុងប្រទេសក៏ត្រូវបានពន្យាពេល, ការពង្រឹងវិស័យសុខាភិបាល និងការធ្វើតេស្ដឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីស្វែងរកប្រភពឆ្លង, ទីក្រុងតូក្យូ និងអូសាកា បានកំណត់ពេលវេលាបើកអាជីវកម្មជាក់លាក់ និងចេញសេចក្ដីណែនាំយ៉ាងម៉ត់ចត់លើការគ្រប់គ្រងស្ថានភាពឆ្លង -ល- ប៉ុន្តែអ្វីទាំងអស់នេះនៅមិនទាន់គ្រប់គ្រាន់ឡើយ ដែលស្ថាប័នមួយចំនួនស្នើរសុំរាជរដ្ឋាភិបាលឲ្យពិចារណាតែងច្បាប់ផ្អាកអាជីវកម្មដែលជួបជុំទាំងអស់ ហើយអ្វីដែលគេបារម្ភបន្ថែមគឺពិធីបុណ្យភ្ជុំ Obon ដែលនឹងប្រព្រឹត្តិនៅពាក់កណ្ដាលខែសីហានេះ ដែលប្រជាជនទៅសែនផ្នូរ អាចជាឱកាសចម្លងជាសហគមន៍ថែមទៀត។