ប្រជាជនថៃប្រមាណជា ១,០០០ គ្រួសារកំពុងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ដោយឥទ្ធិពលព្យុះ Sinlaku

បាងកក៖ ប្រជាជនថៃ យ៉ាងហោចណាស់ជាង ១,០០០ គ្រួសារ បានកំពុងតែរងការវាយប្រហារ ដោយសារតែគ្រោះទឹកជំនន់ នៅក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ ដោយសារតែឥទ្ធិពលព្យុះ Sinlaku ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ឆ្លងកាត់ប្រទេសឡាវ និងថៃ កាលពីថ្ងៃសៅរ៍ពេលល្ងាចកន្លងទៅ។ ហេតុការណ៍នេះ បានបង្ករឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើននៅក្នុងស្រុកទាំង ១៤ នៃខេត្ត Loei ទាំងមូល ធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចដំណើរការនៃស្រុកទាំងនោះធ្ងន់ធ្ងរ។

ភ្លៀងធំជាច្រើនមេ បានបង្ករឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង ១,០០០ ខ្នតស្ថិតនៅខេត្ត Loei ដោយក្នុងនោះស្រុកទាំង ១៤ បានរងការវាយប្រហារធ្ងន់ធ្ងរ ដោយបានកាត់ផ្ដាច់ទំនាក់ទំនងសង្គម ផ្លូវ ស្ពាន ប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ប្រភពព័ត៌មានរបស់ថៃ បានបញ្ជាក់ថា ការរងគ្រោះដោយសារតែទឹកជំនន់នោះ គឺមកពីឥទ្ធិពលនៃព្យុះ Sinlaku ដែលធ្វើដំណើរពីប្រទេសវៀតណាម ឆ្លងកាត់ឡាវ និងភាគខាងជើង ឈាងខាងកើតប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ស្រុកទាំង ១៤ ដែលទទួលការរងគ្រោះនោះ មានស្រុកចំនួន ៣ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរួមមាន Muang, Chiang Kham និង Pak Chom ដែលត្រូវបានជន់លិច និងតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ការរងគ្រោះទឹកជំនន់នេះ លោស្រី Traisuree Taisaranakul អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី Prayut Chan-0-cha បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានបង្គាប់ឱ្យអាជ្ញាធរក្នុងតំបន់ ចេញជួយសង្គ្រោះជាបន្ទាន់ ទៅដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ តាមរយៈការជម្លៀសប្រជាពលរដ្ឋទៅទីកន្លែងមានសុវត្ថិភាព និងធ្វើការវាយតម្លៃជុំវិញការខូចខាតខាងលើ។ ទន្ទឹមគ្នានោះដែរ លោក Niphon Bunyamanee អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃថៃ បានគូសបញ្ជាក់ថា លោកបានបញ្ជាឱ្យកងកម្លាំងនៃខេត្ត Loei ផ្ដល់នូវទីសំណាក់ជាបណ្ដោះអាសន្ន ទៅដល់ពលរដ្ឋរងគ្រោះ និងជួយទៅដល់អ្នកដែលកំពុងជាប់នៅក្នុងផ្ទះលិចឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។

មកដល់ថ្ងៃច័ន្ទទី០៣ ខែសីហា ឆ្នាំ២០២០ នេះ ប្រទេសថៃ នៅតែបន្តរងគ្រោះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តទាំងអស់នៅទូទាំងប្រទេសថៃ ដោយក្នុងនោះ ប្រទេសកម្ពុជា ក៏បានរងគ្រោះដោយសារឥទ្ធិពលខ្យល់នេះផងដែរ គិតចាប់តាំងពីព្រឹកថ្ងៃអាទិត្យមកម្លេះ៕