ស្ពានខ្សែកាបភ្ជាប់កោះពេជ្រ និងកោះនរា នឹងធ្វើការសាងសង់នៅខែក្រោយ ដែលចំណាយខ្ទង់ ៥០ លានដុល្លារ!

គម្រោងនៃការសាងសង់ស្ពានថ្មីមួយ នឹងលេចរូបរាងឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ ដែលបានវិនិយោគឡើងដោយក្រុមហ៊ុនវិនិយោគទុនបរទេសនៅកម្ពុជា (OCIC) ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) បញ្ចៀសការកកស្ទះ និងអាចធ្វើដំណើរចូលដល់កណ្ដាលទីក្រុងភ្នំពេញបានយ៉ាងឆាប់រហ័សតាមរយៈស្ពានថ្មីនេះ។ 

យោងតាមប្រសាសន៍របស់លោក ទូច សំណាង អនុប្រធាននៃក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅថា គម្រោងនៃការសាងសង់ស្ពានភ្ជាប់កោះពេជ្រ និងកោះនរា នឹងត្រូវចាប់ផ្ដើមនៅក្នុងខែតុលា ខាងមុខនេះ ដែលវាជាស្ពានខ្សែកាប មានរចនាបថបែបខ្មែរ មានប្រវែងសរុប ៥០០ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ នឹងគ្រោងចំណាយរយៈពេល ៣២ ខែដើម្បីបញ្ចប់ការសាងសង់ ជាមួយការចំណាយទឹកប្រាក់ខ្ទង់ ៥០ លានដុល្លារ។ 

លោក បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់ស្ពាននេះនឹងត្រូវភ្ជាប់មកកាន់ផ្លូវជាតិលេខ ១ ដោយផ្ទាល់តែម្ដង ដូចនេះវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងបញ្ចៀសបញ្ហាកកស្ទះនៃស្ពានព្រះមុន្នីវង្សបានមួយផ្នែកផងដែរ។ 

កាលពីពាក់កណ្ដាលខែឧសភា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំុពេញ បានចេញលិខិតជូនទៅដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីសំណើរគោលការណ៍អនុញ្ញាតនាំចូលសម្ភារៈ និងគ្រឿងចក្រមួយចំនួនសម្រាប់ធ្វើការសាងសង់ស្ពានបេតុងខ្សែកាប ភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងកោះពេជ្រនេះ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍កោះនរា ជាការអភិវឌ្ឍន៍ទីក្រុងរណបថ្មី ស្ថិតនៅខណ្ឌច្បារអំពៅ ដែលទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ ហើយគម្រោងវិនិយោគនេះ សរុបទឹកប្រាក់ជាង ២ ពាន់លានដុល្លារ គ្រប់ដណ្ដប់លើផ្ទៃដីជាង ១០០ ហិកតា។