ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ានៅតែបន្ត ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិធម្មជាតិ និងព្រៃឈើជាច្រើន

Los Angeles៖ បញ្ហាភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នៅតែចោទឡើងជាបញ្ហាធំ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសត្វព្រៃ ខណៈព្រៃឈើ ទ្រព្យសម្បត្តិធម្មជាតិ ត្រូវបានខូចខាត ក្នុងទំហំធំធេង ដោយសារតែឥទ្ធិពលធម្មជាតិ។ ភ្លើងឆេះព្រៃ បានបន្តកើតមានឡើងជាបន្តបន្ទាប់ ហើយឈានមកដល់ថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ទំហំនៃការខូចខាត កាន់តែធ្ងន់ធ្ងរឡើង ដែលបង្ករឱ្យមានក្ដីបារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងតំបន់រងគ្រោះ។

ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា ព្រៃឈើនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាជាច្រើន កំពុងរងគ្រោះដោយសារតែភ្លើងឆេះព្រៃ ដោយសារតែឥទ្ធិពលនៃរន្ទះ ដែលកើតមានឡើងយ៉ាងច្រើន និងជាញឹកញ៉ាប់ នៅក្នុងតំបន់នោះ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមពន្លត់អគ្គីភ័យបាន ប្រយុទ្ធនឹងភ្លើងឆេះព្រៃក្នុងតំបន់ ២ ធំៗ នៅតំបន់ Greater San Francisco Bay ដែលក្នុងនោះបានជម្លៀសពលរដ្ឋជាង ៦០,០០០ ចេញពីកន្លែងកើតហេតុ ដោយភ្លើងបានបន្តឆាបឆេះអស់ប្រៃឈើជាង ៣៧៥,០០០ ហិកតា ឆ្លងកាត់តំបន់ទាំង ៥ ដោយក្នុងនោះរួមមានចំការទំពាំងបាយជូ ដែលជាកន្លែងផលិតស្រាដ៏សំខាន់ទៀតផង។

មន្ត្រីផ្នែកព្រៃឈើ និងការពារភ្លើងឆេះព្រៃ ហៅកាត់ថា (CalFire) បានឱ្យដឹងថា ភ្លើងឆេះព្រៃនេះ បង្ករឡើងដោយរន្ទះដែលបានបង្កឲ្យផ្ទៃដីជាង ៣៧៧,០០០ ហិចតា នៅក្នុងតំបន់ចំនួន ៤ ស្ថិតនៅភាគខាងកើត និងខាងត្បូងឈូងសមុទ្រ បានកើនឡើងដល់អត្រា ៥០% កាលពីថ្ងៃអាទិត្យ កើនឡើងពី ៤០% កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជុំវិញហេតុការណ៍ឆេះកាលពីថ្ងៃសៅរ៍ ចូលដល់ថ្ងៃអាទិត្យកន្លងទៅ បានបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋជិ ២,៥០០ ខ្នង និងទ្រព្យសម្បត្តិជាច្រើន ស្របពេលដែលអាមេរិក រងគ្រោះដោយរលកកម្ដៅផង និងល្បឿននៃការឆេះឆាប់រហ័សផង ធ្វើឱ្យការខូចខាតប៉ះពាល់មិនត្រឹមតែព្រៃឈើប៉ុណ្ណោះទេ តែក៏រួមបញ្ចូលដីចម្ការជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វញ៉ានេះ កើតមានឡើងដោយសាតែរន្ទះ ដែលកើតមានឡើងយ៉ាងច្រើន ចាប់តាំងពីថ្ងៃទី១៥ ខែសីហា មកម្លេះ ដែលបានបង្ករឱ្យកើតមានភ្លើងឆេះព្រៃជាច្រើនកន្លែង នៅតាមតំបន់ផ្សេងៗគ្នា។ ជាលទ្ធផល ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាទាំងមូល មានទំហំច្រើនជាង ១,៤២ លានហិចតាទៅហើយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិ និងជីវិតសត្វព្រៃ៕