ផ្លូវក្រុង ៣៤ ខ្សែនៃខេត្តព្រះសីហនុ នឹងអាចចាប់ផ្ដើមក្រាលកៅស៊ូ នៅពេលរដូវវស្សាបញ្ចប់ទៅ!

យោងតាមប្រសាសន៍របស់លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតមកដល់ដំណាច់ខែសីហានេះ ការចាក់បេតុងនៅលើផ្លូវក្រុងទាំង ៣៤ ខ្សែខេត្តព្រះសីហនុ សម្រេចបានស្ទើតែ ១០០% ទៅហើយ ជាមួយគ្នានេះការចាក់ខឿនថ្មម៉ាបក៏ជិតរួចរាល់ នៅតែការរៀបចំការ៉ូឡាផ្លូវថ្មើរជើង ការដាំដើមឈើ ដែលធ្វើបានមួយចំនួន ចំណែកឯការបំពាក់អំពូលវៃឆ្លាត សម្រេចបាន ៥០% ផងដែរ។

ចំពោះគម្រោងនៃការចាក់កៅស៊ូក្រាលពីលើផ្លូវបេតុងទាំង ៣៤ ខ្សែនោះវិញ លោក ឃាង ភិរម្យ បានឲ្យដឹងថា នៅមិនទាន់អាចប្រព្រឹត្តទៅបាននៅឡើយទេ ដោយសារតែនេះគឺជារដូវភ្លៀង ដោយយើងត្រូវរង់ចាំឲ្យដាច់ដំណក់ទឹកភ្ញៀវនារដូវវស្សាសិន ព្រោះប្រសិនបើកាលណាចាក់កៅស៊ូនៅក្នុងរដូវភ្លៀវ នោះស្ថានភាពផ្លូវនឹងមិនមានគុណភាពល្អនោះទេ។

ផ្លូវក្រុងទាំង ៣៤ ខ្សែនៃខេត្តព្រះសីហនុ មានប្រវែងសរុប ៨៤,៥០៥ ម៉ែត្រ ដែលរួមមានមហាវិថីចំនួន ៣ ខ្សែ, វិថីចំនួន ១៦ ខ្សែ, និងអនុវិថី ១៥ ខ្សែ ដោយគម្រោងនេះត្រូវចំណាយថវិកាចំនួន ២៩៤ លានដុល្លារ ក្នុងនោះកញ្ចប់ថវិកាសន្សំរបស់ជាតិមានចំនួនជាង ១០០ លានដុល្លារ ហើយបានបើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

គម្រោងនៃការបើកការដ្ឋានស្ថាបនាឡើងវិញនៃផ្លូវក្រុង ៣៤ ខ្សែនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកំណើនវិនិយោគយ៉ាងឆាប់រហ័សនៃខេត្តព្រះសីហនុ ដែលតម្រូវឲ្យមានការកែប្រែពីផ្លូវក្រុងធ្លាប់តែបម្រើវិស័យទេសចរណ៍ មកជាផ្លូវដែលបម្រើពហុបំណង ដែលរួមមានការដឹកជញ្ជូនបន្តពីកំពង់ផែ វិស័យឧស្សាហកម្ម ទេសចរណ៍ ជាពិសេសគឺកែប្រែខេត្តព្រះសីហនុ ក្លាយទៅជាទីក្រុងទំនើបមួយ ពោពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ធុរកិច្ច និងទេសចរណ៍ផងដែរ។