សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ក្នុងឱកាសពិធិបុណ្យភ្ជុំបិណ្ឌ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩!

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងចាប់ផ្ដើមនូវពិធីកាន់បិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់សាសនាហើយ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហោះសារ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាព និងអនាម័យ ដើម្បីការពារខ្លួនចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយបន្ដររក្សាគម្រាតសុវត្ថិភាព ពាក់ម៉ាសឲ្យបានជាប់លាប់ និងឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគជាប្រចាំផងដែរ។ 

គិតត្រឹមថ្ងៃទី ៣១ ខែសីហាកន្លងទៅ តាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៤,៨៥៤,១៤០ នាក់, ស្លាប់ចំនួន ៨៣៨,៩២៤ នាក់ និងករណីកើតថ្មីចំនួន ២៦៥,៨៨៨ ករណី។ ដូចនេះ ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក នៅស្ថិតនៅក្នុងស្ថានភាពលំបាកនៅឡើយ។ 

ដោយឡែកចំពោះប្រទេសកម្ពុជាយើងវិញ បានរកឃើញករណីឆ្លងសរុប ២៧៤ នាក់ បានជាសះស្បើយចំនួន ២៦៦ នាក់ និងមានចំនួនអ្នកឆ្លងថ្មី ០១ នាក់ផងដែរ។ 

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសធ្វើដំណើរដោយសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងបានរីករាយជាមួយក្រុមគ្រួសារ មិត្តភកិ្ត បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌខាងមុខនេះ។