ការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍ចិន ត្រូវបានកាត់បន្ថយ ដោយសារដំណើរការនៃប្រព័ន្ធទេសចរណ៍ក្នុងប្រទេសបានកើនឡើង!



ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ចិន កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ បានរាយការណ៍ពីអត្រានៃការខាតបង់ ប៉ុន្តែមិនសូវធ្ងន់ធ្ងរដូចពីមុនឡើយ នៅក្នុងត្រីមាសទី 2 នេះ ដោយសារការប្រព័ន្ធធ្វើដំណើរ/ទេសចរណ៍ ក្នុងស្រុកបានកើនឡើងវិញ ខណៈពេលដែលស្ថានភាពវីរុស Covid-19 នៅក្នុងប្រទេសបានធូរស្បើយច្រើន។



ប្រទេស ដែលជាទីតាំងកំណើតរបស់ Covid-19 នេះ បានរាយការណ៍ថាមិនមានអ្នកស្លាប់ថ្មីដោយសារវីរុសនេះទេ ចាប់តាំងពីខែឧសភាមក ដែលអនុញ្ញាតឱ្យមានការវិលត្រឡប់មកវិញនូវអាជីវកម្មផ្សេងៗ និងការធ្វើដំណើរទេសចរណ៍ជាបណ្តោះអាសន្ន នៅតាមព្រំដែនរបស់ខ្លួន ថ្វីបើតែវីរុសនេះ នៅបន្តការបំផ្លិចបំផ្លាញ នៅទីកន្លែងផ្សេងទៀតក៏ដោយ។


ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ចិន បានបង្ហាញពីការខាតបង់ចំនួន 2.9 ពាន់លានយ័ន (422 លានដុល្លារ) ក្នុងខែចន្លោះមេសាទៅមិថុនា បើធៀបនឹងត្រីមាសទីមួយចាប់ពីខែមករាដល់ខែមីនា គឺមានរហូតដល់ 5.3 ពាន់លានយ័នឯណោះ។




យ៉ាងណា ក្រុមហ៊ុនបាននិយាយនៅក្នុង សេចក្តីប្រកាសលទ្ធផលរបស់ខ្លួន ដោយព្យាករណ៍ពីភាពមិនប្រាកដប្រជា របស់ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ បន្ថែមទៀតថា “ជម្ងឺរាតត្បាតមួយនេះ បានកំពុងគ្របដណ្តប់លើរាល់គ្រប់វិស័យនានា រាប់ទាំងប្រព័ន្ធហោះហើររបស់យើងផងដែរ ហើយវាអាចមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក និងអាចបន្តយូរទៅមុខទៀត។”

ប៉ុន្តែរបាយការណ៍នេះក៏បានលើកឡើងដែរថា “ទីផ្សារអាកាសចរណ៍នៅក្នុងប្រទេសចិន នឹងក្លាយទីផ្សារដំបូងក្នុងពិភពលោក ដែលកំពុងតែងើបឡើងវិញ ហើយនិន្នាការទូទៅរបស់យើងកំពុងបន្តការរីកចម្រើនទៅមុខផងដែរ។ កត្តាទាំងនេះផ្អែកទៅលើ តម្រូវការជាច្រើនសម្រាប់ការធ្វើដំណើរ របស់អ្នកដំណើរទូទៅ ប្រសិនបើវីរុសនេះត្រូវបានបំផ្លាញដោយជោគជ័យ។”

ក្រុមហ៊ុនអាកាសចរណ៍ Air China បានរាយការណ៍ថា ការខាតបង់សរុបនៅឆមាសទី 1 (ពាក់កណ្តាលឆ្នាំ) មានចំនួន 9.4 ពាន់លានយ័ន ដោយការខាតបង់នៅត្រីមាសទី 2 មានចំនួន 4.6 ពាន់លាន តែទាបជាងនៅក្នុងត្រីមាសទីមួយដែលមានរហូតដល់ 4.8 ពាន់លានយ័ន។


សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជាក្រុមហ៊ុនធំជាងគេទី 2  របស់ប្រទេសចិន បានបង្ហាញពីការខាតបង់កាន់តែកើនច្រើន នៅក្នុងខែមេសាដល់ខែមិថុនាគឺមានចំនួន 4.6 ពាន់លានយ័ន ច្រើនជាងនៅក្នុងចន្លោះខែមករា - មីនា ដែលមានត្រឹមតែ 3.6 ពាន់លានយ័ន។




លទ្ធផលដែលទទួលបានទាំងនេះ គឺដោយសារការអនុវត្តតាម គោលការណ៍កំណត់តម្លៃសមរម្យ និងមានប្រសិទ្ធភាពទៅលើប្រព័ន្ធហោះហើររបស់ចិន  ដែលបានទាក់ទាញអ្នកធ្វើដំណើរត្រលប់ ទៅក្រុមហ៊ុនអាកាសចរណ៍វិញ ប៉ុន្តែជាលទ្ធផលសរុប វាទើបតែងើបឡើងវិញ ក្នុងពេលខ្លីនៅឡើយទេ។


ក្រុមហ៊ុនអាកាសចរណ៍ចិនប្រហែល 10 បានចាប់ផ្តើមដំណើរការហោះហើរគ្មានដែនកំណត់ ដើម្បីជំរុញតម្រូវការធ្វើដំណើរ ចាប់តាំងពីប្រទេសនេះ មានសតម្ថភាពអាចគ្រប់គ្រងស្ថានភាពរបស់វីរុស Covid-19 បាន មិនមានអ្នកស្លាប់ថ្មី ក៏ដូចជាអត្រានៃអ្នកឆ្លងមានការថយចុះ ហើយប្រព័ន្ធធ្វើដំណើរនៅក្នុងប្រទេសត្រូវបានអនុញ្ញាតឡើងវិញ។


ដោយឡែក លោក Olivier Ponti អនុប្រធានក្រុមអ្នកវិភាគការធ្វើដំណើរ ForwardKeys  បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏មានសារសំខាន់ ពីព្រោះវាជាលើកទី 1 ហើយ នៃការងើបឡើងវិញបានយ៉ាងល្អរបស់ប្រព័ន្ធហោះហើរ ដែលចាប់តាំងពីវីរុស Covid-19 នេះបានផ្ទុះឡើង និងក្លាយជាបញ្ហារាំងស្ទះដ៏ធំបំផុតទីផ្សារអាកាសចរណ៍នៅទូទាំងពិភពលោក។”




លោកបាននិយាយបន្តថា “សំណួរដែលត្រូវបានសួរនោះ គឺថាតើការបញ្ចុះតម្លៃខ្លាំងទៅលើសំបុត្រហោះហើរ នឹងនៅតែត្រូវការបន្ត ដើម្បីរក្សាការងើបឡើងវិញទេ ឬថាតើឧស្សាហកម្មនេះ នឹងវិលទៅរកប្រាក់ចំណេញវិញ ក្នុងអំឡុងពេលឈប់សម្រាកប្រចាំសប្តាហ៍ជាច្រើន នៅក្នុងខែតុលាខាងមុខនេះ?”