អ្នកស្លាប់ដោយកូវីដ-១៩ ឡើងដល់ ១ លាននាក់!

បន្ទាប់ពីជំងឺកូវីដ-១៩ បានក្លាយទៅជាជំងឺឆ្លងរាតត្បាតទូទាំងសកលលោក (Global Pandemic) អស់រយៈពេលជាង ៩ ខែកន្លងមកនេះ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១ លាននាក់ហើយ យោងតាមរបាយការណ៍ពីសកលវិទ្យាល័យស្រាវជ្រាវ Johns Hopkins University ក្នុងនោះសហរដ្ឋអាមេរិច មានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតដល់ ២០៥,០០០ នាក់។ ចំណែកករណីឆ្លង ដែលបានរកឃើញឡើងដល់ជាង ៣៣ លាននាក់។ 

១. ដំណាក់កាលធ្វើតេស្ដរកមេរោគកូវី-១៩

កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងប្រទេសឥណ្ឌា បានធ្វើតេស្ដរកឃើញចំនួនអ្នកឆ្លងឡើងលើសទី ៦ លាននាក់ ជាចំនួនប្រទេសរកឃើញអ្នកឆ្លងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិច ដែលរកឃើញចំនួន ៧ លាននាក់។ 

កាលពីថ្ងៃច័ន្ទ ដដែលនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាក្នុងការធ្វើតេស្ដរកមេរោគកូវីដ-១៩ ឲ្យបានដល់ ១៥០ លាននាក់ តាមរយៈការពង្រីកសមត្ថភាពធ្វើតេស្ដ ជួយដល់មនុស្សចាស់មិនឲ្យឆ្លង អនុញ្ញាតការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព និងសន្យាជួយសេដ្ឋកិច្ចឲ្យប្រសើរឡើងវិញ។

ថ្មីៗនេះ លោក Tedros Adhanom អគ្គនាយក អង្គការសុខភាពពិភពលោក ក៏បានប្រកាសនឹងផ្ដល់ជំនួយឧបករណ៍ និងបច្ចេកទេសធ្វើតេស្ដរកមេរោគកូវីដ-១៩ ឲ្យបាន ១២០ លាននាក់ នៅតាមបណ្ដាប្រទេសក្រីក្រ និងប្រទេសចំណូលមធ្យមផងដែរ។ ស្របពេលដែលរកឃើញចំនួនអ្នកឆ្លងថ្មី នៅតែកើនឡើងច្រើនបែបនេះ អង្គការសុខាភិបាលពិភពលោក WHO បានលើកឡើងថា ចំនួនអ្នកស្លាប់នឹងប្រាកដជានៅបន្ដខ្ពស់ជាងចំនួន ១ លាននាក់នេះ។

២. ដំណើរបញ្ចប់ជំងឺកូវីដ-១៩ នៅវែងឆ្ងាយ

លោកវេជ្ជបណ្ឌិត Robert Redfield នាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង នៃសហរដ្ឋអាមេរិច បានប្រាប់សារព័ត៌មាន NBC ថា ដំណើរការបញ្ចប់ជំងឺកូវីដ-១៩ ទូទាំងសកលលោក ស្ថិតនៅវែងឆ្ងាយណាស់ បើពិភពលោកមិនព្រមសហការគ្នាមានវិធានការទប់ស្កាត់។ លោកយល់ឃើញថា ការពាក់ម៉ាស ក៏អាចមានប្រសិទ្ធភាពខ្ពស់គ្រប់គ្រាន់ដូចការរកឃើញវ៉ាក់សាំងដែរ ប្រសិនបើមនុស្សទូទាំងពិភពលោកជាង ៧ ពាន់លាននាក់ពាក់ម៉ាសគ្រប់គ្នា ការឆ្លងនេះនឹងអាចទប់ស្កាត់បានក្នុងរយៈពេល ៨ ទៅ ១២ សប្ដាហ៍។ ដូចនេះវិស័យសុខាភិបាល នឹងអាចធ្វើការព្យាបាលទាន់ពេលវេលា ដោយជួយទប់ករណីស្លាប់បានមួយចំនួនធំ។ 

ចំពោះសហរដ្ឋអាមេរិច គេព្យាករណ៍ថា ករណីឆ្លងនឹងរីកឡើងកាន់តែច្រើននៅខែតុលា ខាងមុខនេះ ហើយនឹងបន្ដទៅខែវិច្ឆិកា និងធ្នូ ជាបន្ដទៀត។ 

៣. ការទប់ស្កាត់រលកទី២ នៅអឺរ៉ុប

ក្រោយពីទទួលបទពិសោធន៍នៃការឆ្លងរាលដាលខ្លាំង និងមានចំនួនមនុស្សស្លាប់យ៉ាងច្រើន នៅអឺរ៉ុប ពិភពលោកនៅតែមានការព្រួយបារម្ភទៅលើរលកទី២ ដែលនឹងអាចកើតឡើងខ្លាំងម្ដងទៀតនៅទ្វីបអឺរ៉ុបនេះ។ ប្រទេសអេស្ប៉ាញ នៅទីក្រុងម៉ាឌ្រីដ រដ្ឋាភិបាលកំពុងមានក្ដីបារម្ភ ក្នុងការគ្រប់គ្រង់ការផ្ទុះឡើងនៃការឆ្លង នៅតំបន់ទីក្រុងទីប្រជុំជន។ ចំណែកប្រទេសបារាំងវិញ ក៏រដ្ឋាភិបាលពុំទាន់បានចេញវិធានការណ៍ Lockdown អ្វីដែរ បើទោះករណីឆ្លងនៅតែបន្ដរកឃើញថ្មីៗច្រើនក៏ដោយ ហើយអ្នកជំនាញមើលឃើញថា ប្រសិនបើនៅតែបែបនេះ ប្រទេសបារាំង អាចនឹងទទួលរកផ្ទុះការឆ្លងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារខាងមុខនេះ។

យ៉ាងណាមិញ ចំពោះប្រទេសអង់គ្លេស និងហូឡង់ បានប្រកាសចាប់ផ្ដើមអនុវត្តវិធានការណ៍ថ្មី សំដៅលើការកាត់បន្ថយចំនួនអ្នកឆ្លងកូវីដ-១៩ ជាបណ្ដើរៗហើយ។