ក្រុមហ៊ុនអាកាសចរណ៍របស់អ៊ឺរ៉ុប បានកាត់បន្ថយថ្លៃសំបុត្រធ្វើដំណើរ ដើម្បីទាក់ទាញអ្នកដំណើរត្រឡប់មកវិញ!

ជាមួយនឹងវិបត្តិនៃការផ្ទុះឡើងវីរុសកូរ៉ូណា ក្នុងពិភពលោក បានបង្កឲ្យមានភាពតានតឹងដល់ការធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសទៅលើការធ្វើដំណើរអន្តរជាតិ និងបានធ្វើឲ្យវិស័យអាកាសចរណ៍ជួបប្រទះ នូវបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ក៏ដូចជាប្រឈមនឹងការក្ស័យធនមួយចំនួនទៀតផង។ ដោយហេតុនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍មួយផ្នែកធំរបស់អ៊ឺរ៉ុប បានចេញនូវយុទ្ធនាការផ្សព្វផ្សាយ និងកាត់បន្ថយថ្លៃធ្វើដំណើរ ដើម្បីទាក់ទាញអ្នកដំណើរឡើងវិញ និងបំពេញយន្តហោះ ដែលកំពុងតែចរាចរណ៍ហោះហើរ នៅក្នុងពេលបច្ចុប្បន្ន។

 

ការរឹតបន្តឹងការធ្វើដំណើរត្រូវបានអនុម័តដោយប្រទេសជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 នេះ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មានការរាំងស្ទះ ដែលនាំឱ្យមានចរាចរណ៍ផ្លូវអាកាសសឹងតែត្រូវបិទទាំងស្រុង។ យ៉ាងណា នៅពេលដែលចរាចរណ៍បានកើនឡើងក្នុងរដូវក្តៅវិញខណៈដែលស្ថានភាពនៃវីរុសបានប្រសើរឡើងនោះ ពេលនេះវាត្រូវបានធ្លាក់ចុះម្តងទៀត។

 

យោងតាម Eurocontrol ដែលជាស្ថាប័នសម្របសម្រួលចរាចរណ៍ផ្លូវអាកាសនៅអឺរ៉ុបបានឲ្យដឹងថា ចរាចរណ៍នៃការហោះហើរ បានធ្លាក់ចុះក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមក ហើយឥឡូវនេះមានចំនួន 54% ទាបជាងកម្រិត ប្រៀបធៀបរបស់ខ្លួនកាលពីឆ្នាំមុន។

 

សមាគមន៍ពាណិជ្ជកម្មអ៊ែរឡាញអ៊ឺរ៉ុប បានដាក់ចរាចរណ៍កាលពីនៅខែសីហា រឹតតែទាបជាងមុនត្រឹមតែ 30% បើធៀបទៅនឹងឆ្នាំ 2019។ យ៉ាងណាស្ថាប័ន Eurocontrol ឥឡូវនេះ មានទុទិដ្ឋិនិយមច្រើន អំពីការងើបឡើងវិញ សម្រាប់វិស័យមួយនេះនៅអ៊ឺរ៉ុប។

 

ពួកគេរំពឹងថាចរាចរណ៍នឹងមាន 30% ទាបជាងកម្រិតកាលពីឆ្នាំ 2019 នៅក្នុងខែតុលា ប៉ុន្តែឥឡូវនេះវាមានការធ្លាក់ចុះ 57% បាត់ទៅហើយ។ ខណៈពេលដែលរោគរាតត្បាត បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក្នុងតំបន់ប៉ែកអ៊ឺរ៉ុប ត្រូវការសាច់ប្រាក់យ៉ាងខ្លាំងដើម្បីបន្តអាជីវកម្មរបស់ពួកគេនោះ ពេលនេះពួកគេបានចាប់ផ្តើមអនុវត្តយុទ្ធនាការ កាត់បន្ថយថ្លៃធ្វើដំណើរ។

 

យោងតាម ForwardKeys ដែលជាក្រុមហ៊ុនវិភាគទីផ្សារទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់អ៊ឺរ៉ុប បានកាត់បន្ថយថ្លៃសំបុត្រធ្វើដំណើរពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងហូឡង់ ទៅកាន់ទិសដៅនៅអ៊ឺរ៉ុបខាងត្បូងចំនួន 15% នៅក្នុងខែសីហា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

នៅក្នុងការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថាតម្លៃនៅលើគោលដៅហោះហើរមួយចំនួន បានធ្លាក់ចុះដល់ទៅជាង មួយភាគបីឯណោះ។

 

‘ការទាក់ទាញអ្នកដំណើរ’

 

លោក Reginald Otten ជានាយករងគ្រប់គ្រងនៅក្រុមហ៊ុន EasyJet ប្រចាំនៅប្រទេសបារាំង បានមានប្រសាសន៍ថា “អ្នកត្រូវតែទាក់ទាញអ្នកដំណើរ ឱ្យវិលត្រឡប់មកហោះហើរវិញ ហើយតម្លៃគឺជាកត្តាមួយដ៏សំខាន់ក្នុងការទាក់ទាញនេះ។”

 

លោកបាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ បានបើកដំណើរការខ្សែហោះហើរមួយចំនួនឡើងវិញនៅរដូវក្តៅ ហើយយន្តហោះដែលបម្រើសេវាកម្មដល់អតិថិជន ជិតអស់ហើយ។

 

លោកបានលើកឡើងថា “ទោះយ៉ាងណា យើងទទួលបានចំនួនអ្នកដំណើរប្រហែល 30% ដែលជាតួលេខទាបបំផុត ខណៈ រដូវក្តៅគឺជាពេលវេលាដ៏សំខាន់ និងពេញនិយមបំផុត សម្រាប់ប្រជាជនក្នុងការធ្វើដំណើរ។”

 

តម្លៃទាបក៏ជួយជម្រុញចរាចរណ៍ផងដែរ នេះបើយោងតាមលោក Eddie Wilson ប្រធានក្រុមហ៊ុន Ryanair DAC ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនចំនួនពីរ ដែលប្រតិបត្តិការជើងហោះហើរក្រោមយីហោ Ryanair ។

 

ក្រុមហ៊ុន Ryanair ដែលបានប្រើ Low-cost model ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់អ៊ឺរ៉ុប នៅសប្តាហ៍នេះ បានចាប់ផ្តើមការផ្សព្វផ្សាយខ្លីមួយលើគម្រោង ទិញសំបុត្រមួយថែមជូនមួយ ដោយឥតគិតថ្លៃ។

 

លោកបានមានប្រសាសន៍ថា “នៅដំណាក់កាលខ្លះ អ្នកមិនអាចអង្គុយនៅទីនោះ ហើយក្រឡេកមើលទៅក្រៅបង្អួច ហើយត្រឹមតែសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងវិញ ដោយមិនធ្វើអ្វីមួយនោះឡើយ។” 

 

លើសពីការកាត់បន្ថយតម្លៃសំបុត្រហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ អាចនឹងកំពុងផ្តោតលើគោលដៅហោះហើរ ដែលទទួលបានផលចំណេញច្រើនបំផុត។ ប៉ុន្តែការរៀបចំឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើរ វិធានការណ៍រក្សាគំលាតពីគ្នា និងការធ្វើតេស្តរកមេរោគ អាចធ្វើឱ្យផែនការ និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនឹងត្រូវបរាជ័យ យ៉ាងឆាប់រហ័ស។

 

ក្រុមហ៊ុនអាកាសចរណ៍អ៊ឺរ៉ុបកាលពីដើមខែនេះ បានជម្រុញឱ្យរដ្ឋធានីជាតិ ធ្វើការសម្របសម្រួលវិធានការណ៍ ដើម្បីកំណត់ការរីករាលដាលនៃវីរុសនេះ ដោយនិយាយថាការរឹតបន្តឹង នាពេលបច្ចុប្បន្ន កំពុងធ្វើឱ្យមានការរារាំង នៃដំណើរវិលត្រឡប់ទៅរកការធ្វើដំណើរធម្មតា នៅជុំវិញសហភាពអឺរ៉ុប។

 

លោក Oliver Ponti អនុប្រធានក្រុមហ៊ុន ForwardKeys បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការសម្រាប់ការធ្វើដំណើរ "ជាមួយនឹងឧបករណ៍ដែលពួកគេមាន នៅក្នុងដៃ៖ ការកាត់បន្ថយសមត្ថភាព និងការផ្តល់ជូនការផ្សព្វផ្សាយ ប៉ុន្តែពួកគេមិនមានលទ្ធភាពចំពោះការគ្រប់គ្រងលើ ការវិវត្តន៍នៃជំងឺរាតត្បាត និងគោលនយោបាយស្តីពីការរឹតបន្តឹងការធ្វើដំណើរឡើយ។"

 

លោកបានបន្ថែមថា "ផលប៉ះពាល់នៃការរៀបចំតម្លៃទាប អាចនឹងត្រូវមានចំនួនកំណត់ ជាពិសេសនៅពេលអតិថិជន នៅតែព្រួយបារម្ភអំពីផែនការរបស់ពួកគេ អាចនឹងត្រូវបានរំខាន និងទៅលើសំណងយ៉ាងឆាប់រហ័ស នៃសំបុត្ររបស់ពួកគេ ក្នុងករណីមានការលុបចោលណាមួយ ដែលអាចកើតមានឡើងផងដែរ។"