ឯកអគ្គរដ្ឋទូលសិង្ហបុរី ស្វែងយល់អំពីសក្ដានុពលខេត្តព្រះសីហនុ!

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណង់ឈ្វេងយល់អំពីវឌ្ឍនភាព និងភាពរីកចម្រើនខេត្តព្រះសីហនុ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ឯកឧត្តមអគ្គរដ្ឋទូតសិង្ហបុរី ដោយបានបង្ហាញអំពីកត្តាភូមិសាស្ត្រ ដែល ខេត្តព្រះសីហនុមានឆ្នេរសមុទ្រសរុបប្រវែង ១៧៥ គីឡូម៉ែត្រ មានកោះចំនួណ ៣២ និងមានកំពង់ផែទឹកជ្រៅ ដែលមានទំនិញឆ្លងកាត់ទូទាំងប្រទេស ៧០% តាមច្រកនេះ។ 

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ត្រឹមឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យឆ្លើយតបទៅនឹងតម្រូវការខេត្ត ដូចជាការបញ្ចេញថវិកាជាតិកសាងផ្លូវ ៣៤ ខ្សែក្រុងព្រះសីហនុ ដែលនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះ មានការស្ដារអូរប្រឡាយ និងរៀបចំទីលានចាក់សំរាមថ្មី -ល-។

បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ អាចឲ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅ ៨.៥ ម៉ែត្រ ហើយរាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA កសាងកំពង់ផែ ៤ ដំណាក់កាលបន្ដទៀត ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ ចំនួន២ ដំណាក់កាល ដែលបង្កើនសមត្ថភាពឲ្យនាវាចូលចតមានជម្រៅទឹក ១៣ ម៉ែត្រ សម្រាប់ដឹកជញ្ជួនប្រកួតប្រជែងជាមួយប្រទេសជិតខាង នឹងបន្ដរទៅដំណាក់កាលទី៣ និងទី៤ ឲ្យនាវាចូលចតជម្រៅ ១៤ ម៉ែត្រ។ 

ខេត្តព្រះសីហនុ ក៏នឹងពង្រីងអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដោយក្រុមហ៊ុនបារាំង ពង្រីងពីកម្រិត 3E និងបន្ដពង្រីកដល់កម្រិត 4E ដែលមានផ្លូវរត់ប្រវែង ៣,២០០ ម៉ែត្រ។ 

លើសពីនេះទៀត ខេត្តព្រះសីហនុ ជាខេត្តផលិតថាមពលអគ្គិសនីបានដល់ ១,០០០ មេហ្គាវ៉ាត់ ប៉ុន្តែការប្រើប្រាស់ក្នុងខេត្តត្រឹមតែ ១០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ នឹងបានចែកចាញទៅខេត្តផ្សេងៗទៀត តាមបណ្ដាញអគ្គីសនីកម្ពុជា។

ទឹកស្អាត ដែលធ្លាប់ជាបញ្ហាប្រឈមកន្លងមកបន្ទាប់ពីកំណើនអ្នកវិនិយោគយ៉ាងគំហុក ក៏ត្រូវបានដោះស្រាយហើយដែរ ដោយពេលនេះខេត្តព្រះសីហនុ មានសមត្ថភាពផលិតទឹកស្អាតបាន ១០ ម៉ឺនម៉ែត្រគូប/ថ្ងៃ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ត្រឹមតែ ៧ ម៉ឺនម៉ែត្រគូប/ថ្ងៃ ប៉ុណ្ណោះ។ ហើយនៅពេលខាងមុខនេះ ខេត្តព្រះសីហនុ នឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ ២០ ម៉ឺនម៉ែត្រគូប/ថ្ងៃ តាមរយៈការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែងទៀត ដោយសហការជាមួយក្រុមហ៊ុនសិង្ហបុរី។

ក្រោយពីបានឈ្វេងយល់អំពីសក្ដានុពលនៃខេត្តព្រះសីហនុមក ឯកឧត្តម Michael Tan បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតិឲ្យលោកជួបពិភាក្សា និងបង្ហាញអំពីវឌ្ឍនភាពនៃខេត្តព្រះសីហនុនេះ ដោយឯកឧត្តម សង្ឃឹមថាក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩ វិនិយោគិនសិង្ហបុរី នឹងមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ពិសេសខេត្តព្រះសីហនុតែម្ដង ដូចជាការវិនិយោគទៅលើគម្រោងប្រព័ន្ធទឹកកខ្វក់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ម្យ៉ាងទៀត ឯកឧត្តមក៏ចង់ឃើញ នាវាទេសចរណ៍ធំៗជាច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កំពត និងកែបផងដែរ។ 

គូសបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានទំហំ ៤.៨ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០១៩ ដែលមានទំហំ ៤.២ ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២០ នេះទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី មានទំហំ ២ ពាន់លានដុល្លារ។