សេដ្ឋកិច្ចរបស់ថៃ អាចនឹងចំណាយពេលយ៉ាងតិច ២ ឆ្នាំ ដើម្បីងើបឡើងវិញ!

បើយោងតាមធនាគារពិភពលោក បានឲ្យដឹងថាសេដ្ឋកិច្ចរបស់ថៃ អាចនឹងធ្លាក់ចុះយ៉ាងតិច 8.3% នៅឆ្នាំនេះ ហើយចំណាយពេលយ៉ាងតិចពីរឆ្នាំ ដើម្បត្រឡប់ទៅរកកម្រិតប្រក្រតី មុនពេលមាន Covid-19 វិញ។

 

ធនាគារនេះបានព្រមានថា ទោះបីជាយ៉ាងណាការស្តារសេដ្ឋកិច្ចឡើងវិញ អាចនឹងត្រូវបង្អាក់ដោយសារ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ឬអាចនឹងមានការផ្ទុះឡើងវិញនូវរលកទីពីរនៃ Covid-19។ 

 

ក្នុងនោះ លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ របស់ធនាគារពិភពលោកប្រចាំប្រទេសថៃ បានចេញផ្សាយការអាប់ដេតសេដ្ឋកិច្ច របស់ធនាគារនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារថ្មីៗនេះ។ លោកបានព្រមានថា រលកទីពីរនៃការផ្ទុះឡើង Covid-19 បូករួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ អាចនឹងជាមូលហេតុបង្កឲ្យសេដ្ឋកិច្ច ធ្លាក់ចុះដល់ 10.4% ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំមុន ហើយសន្ទុះនៃការងើបឡើងវិញ ទៅរកពេលមុន Covid-19 អាចនឹងចំណាយពេលយូរដល់ទៅ 3 ឆ្នាំ។

 

លោកក៏បានបន្តដែរថា រលកទីពីរនៃជំងឺឆ្លងមួយនេះ នឹងជះឥទ្ធិពលដល់ការនាំចេញនូវផលិតផលនានាទៅក្រៅប្រទេស ប៉ះពាល់ដល់ប្រព័ន្ធទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ ហើយអាជីវកម្មនានា នឹងត្រូវបង្ខំចិត្តបិទជាថ្មីម្តងទៀត ដូចកាលពីខែមីនាដែរ។

 

ហានិភ័យសេដ្ឋកិច្ច កើតចេញពីភាពអសមត្ថភាពរបស់ពិភពលោក ក៏ដូចជានៅក្នុងប្រទេសថៃនៃការបង្កើត វ៉ាក់សាំងការពារ Covid-19 ភាពមិនច្បាស់ផ្នែកនយោបាយ និងការចំណាយយឺត នៃការវិនិយោគរបស់រដ្ឋាភិបាលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ លោក Kiatipong បាននិយាយថា មានតែថវិកាពាក់កណ្តាលនៃការវិនិយោគប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឱ្យ។

 

លោកស្រី Birgit Hansl អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសថៃ បាននិយាយថា ទោះបីផែនការ ជម្រុញសេដ្ឋកិច្ចត្រូវចំណាយស្មើនឹង 8-13% នៃផលិតផលក្នុងស្រុកសរុប យ៉ាងណាមានតែ 4% ប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប ត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ច។

 

ធនាគារពិភពលោកក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ថៃនឹងកើនឡើងក្នុងចន្លោះ 3.5-4.9% នៅឆ្នាំក្រោយនេះ។