Saudi Arabia គ្រោងនឹងបន្តផ្តល់ទិដ្ឋាការទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ ២០២១

បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់រាជាណាចក្រអារ៉ាប់មួយនេះ បានបង្ហាញឲ្យដឹងថា Saudi Arabia គ្រោងនឹងបន្តទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឡើងវិញ នៅដើមឆ្នាំ 2021 បន្ទាប់ពីមានការផ្អាកជាច្រើនខែ អំឡុងពេលមានវិធានការណ៍ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល ក្នុងការការពារ ការរាតត្បាតនៃវីរុស Covid-19 នៅក្នុងប្រទេស។

 

គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍គឺជា សសរស្តម្ភដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រកំណែទម្រង់ប្រកបដោយមហិច្ឆតារបស់ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចក្នុងប្រទេស ទៅលើតែប្រេងកាតមួយមុខ។

 

រាជាណាចក្រដែលបានបើកទ្វារទទួលភ្ញៀវទេសចរបរទេស កាលពីខែកញ្ញាឆ្នាំ 2019 ដោយបង្កើតរបបទិដ្ឋការថ្មី សម្រាប់ប្រទេសចំនួន 49 ចង់ឲ្យវិស័យនេះចូលរួមចំណែក 10% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ 2030។ 

 

លោក Ahmed al-Khateeb ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា "សម្រាប់ទិដ្ឋាការទេសចរណ៍រហូតមកដល់ពេលនេះនៅមិនទាន់បានផ្តល់ជូននៅឡើយទេ តែយើងកំពុងនិយាយអំពីគម្រោងនៅដើមឆ្នាំក្រោយ។ ប្រសិនបើអ្វីៗប្រសើរឡើង ឬដំណើរការអភិវឌ្ឍវិជ្ជមានណាមួយ ទាក់ទងនឹងវ៉ាក់សាំងការពារ Covid-19 នឹងអាចកើតមាន យើងអាចពន្លឿនដំណើរការនៃការផ្តល់ជូនទិដ្ឋការទេសចរណ៍ សម្រាប់ភ្ញៀវបរទេស ទៅតាមហ្នឹងដែរ។"

 

គួររំលឹកផងដែរថា កាលពីនៅចុងខែកុម្ភៈ រាជាណាចក្រនេះ បានបិទព្រំដែនរបស់ខ្លួន ដល់អ្នកធ្វើធម្មយាត្រាបរទេស និងភ្ញៀវទេសចរ មកពីយ៉ាងហោចណាស់ 25 ប្រទេស។ នៅក្នុងខែមីនា ប្រទេសនេះបានរារាំងរាល់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។

 

លោក Khateeb បានមានប្រសាសន៍ថា វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះពី 35% – 45% នៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណា ការផ្តោតលើវិស័យទេសចរណ៍ក្នុងស្រុកក្នុងរដូវក្តៅនេះ ក៏បានទទួលការ Support យ៉ាងខ្លាំងពីរដ្ឋាភិបាលផងដែរ។

 

លោករដ្ឋមន្ត្រីបានបន្តថា “ជំងឺរាតត្បាតមួយនេះ គឺមានទម្រង់ជា ហានិភ័យជាប្រព័ន្ធ ដែលបានប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ ទោះយ៉ាងណាយើងបានឃើញពីស្ថានភាពចាប់ផ្តើមស្រាកស្រានឡើងវិញនារដូវក្តៅ បន្ទាប់ពីរយៈពេលនៃការ Lockup ចន្លោះពីខែមករា ដល់ ខែឧសភា។”

 

យ៉ាងណា យើងក៏បានកត់សម្គាល់កំណើន 30% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុក ដែលលើសពីការរំពឹងទុករបស់យើង។

 

យុទ្ធនាការនារដូវក្តៅរបស់ Saudi Arabia ដែលបានផ្សព្វផ្សាយគោលដៅទេសចរណ៍ចំនួន 10 ពីឆ្នេរសមុទ្រ និងតំបន់ព្រៃឈើមួយចំនួន រហូតដល់កំពូលភ្នំ និងតំបន់ប្រវត្តិសាស្ត្រ សម្រាប់ពលរដ្ឋ និងអ្នកស្រុក ទៅទស្សនានិងធ្វើការកម្សាន្ត ជំនួសឱ្យការឈប់សម្រាកនៅក្រៅប្រទេស។ យុទ្ធនាការនេះ បានជួយជម្រុញសមាមាត្រ នៃការស្នាក់នៅជាមធ្យម នៅតាមសណ្ឋាគាររហូតដល់ 80%។

 

គូសសម្គាល់ដែរថា Saudi Arabia បានរាយការណ៍ពីករណីឆ្លង Covid-19 ចំនួន 332,790 ករណី ហើយរហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន 4,655 នាក់។ អត្រាឆ្លងថ្មី ក៏មានការធ្លាក់ចុះជាលំដាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។