អាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានជួសជុល ៣ លានដុល្លារ បានសម្ពោធដំណើរការឡើងវិញ!

កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតជើងឯកហែលទឹកថ្នាក់ជាតិ ឆ្នាំ២០២០។ 

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា អាងហែលទឹកនេះ ត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ ម៉ែត្រ និងទទឹងប្រវែង ២៥ ម៉ែត្រ មាន ១០ បន្ទាត់ ជាអាងហែលទឹកខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល ១៨ ខែ និងចំណាយថវិកា ៣ លានដុល្លារអាមេរិច ជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។

ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះ មានបំពាក់ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិច ផ្ទាំង LED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១,៦០០ សម្រាប់អង្គុយទស្សនា។ 

សូមបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិអូឡាំពិក រួមទាំងអាងហែលទឹកនេះ ត្រូវបានស្ថាបនាឡើងដោយបិតាស្ថាបត្យកម្មខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទនរោត្តមសីហនុ ចាប់ពីឆ្នាំ ១៩៦១-១៩៦៥ និងបានដាក់ដំណើរការនៅឆ្នាំ ១៩៦៧។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អាងហែលទឹកនេះ ត្រូវបានខូចខាតដោយសារសង្គ្រាម និងត្រូវបានលោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនទៀត រៀបចំស្ដារឡើងវិញនៅឆ្នាំ១៩៨០។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងអំឡុងទស្សវត្សឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមមេដាយជាច្រើនលើវិញ្ញាសាកីឡាហែលទឹកនេះ ដូចនេះឯកឧត្តមចង់ឃើញយុវជនជំនាន់ក្រោយស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឡើងវិញ និងអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ចូលរួមហាត់កីឡានេះឲ្យបានច្រើន ដោយសារការហ្វឹកហាត់មិនមានការបង់ថ្លៃឡើយ ថែមទាំងមានគ្រូបង្វឹកដែលមានបទពិសោធន៍ល្អ ដើម្បីបង្វឹកត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។