រថយន្តគំរូអគ្គីសនីគ្មានមនុស្សបើករបស់អាល្លឺម៉ង់មានអត្ថប្រយោជន៍ច្រើនត្រូវបានដាក់បង្ហាញ!

ស្ងាត់ៗ ក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយឈ្មោះ The German Aerospace Center ទើបតែបានដាក់បង្ហាញនូវរថយន្តគំរូប្រភេទអគ្គីសនីដែលបើកបរដោយការបញ្ជាពីចម្ងាយនៅក្នុងស្ថានីយន៍ និងគ្មានមនុស្សបើកផ្ទាល់ឡើយជាមួយការរចនាឡើងប្រណីត និងទាន់សម័យមែនទែន ហើយពួកគេបានដាក់ឈ្មោះរថយន្តនេះថា U Shift ។ រថយន្តនេះនឹងធ្វើចរាចរណ៍លើផ្លូវថ្នល់ ដោយជំនួសរថយន្តក្រុង រថយន្តអ្នកទេសចរ រថយន្តដឹកសម្ភារះផ្សេងៗដែលមានសព្វថ្ងៃនេះ។ 

ដូចអ្នកបានឃើញក្នុងរូបភាពទាំងនេះ រថយន្តនេះប្រើប្រាស់ផ្ទាំងកញ្ចក់ច្រើនព័ទ្ធជុំវិញ ធ្វើឲ្យអ្នកជិះមានអារម្មណ៍ស្រស់ស្រាយ និងអាចគយគន់ទេសភាពខាងក្រៅបានយ៉ាងរីករាយនៅពេលធ្វើដំណើរ សូម្បីតែរូបរាងរបស់វាក៏ប្លែក និងមើលទៅដឹងប្រាកដថាវាជារថយន្តអគ្គីសនីតែម្តង មានអត្ថប្រយោជន៍ច្រើនដល់បរិស្ថាន។ រថយន្តនេះមានល្បឿនសមល្មមសម្រាប់មនុស្សគ្រប់វ័យ មិនលឿនពេក និងមិនយឺតពេកទេ ចន្លោះល្បឿន 60 គីឡូម៉ែត្រក្នុងមួយម៉ោង។ ការដាក់ឲ្យដំណើរការរបស់វាគឺ 24 ម៉ោងក្នុងមួយថ្ងៃនាពេលអនាគត ស្របពេលនេះក្រុមហ៊ុនត្រូវធ្វើការសាកល្បងជាលើកទី 2 ជាមុនសិនទើបសម្រេចថ្ងៃដាក់ឲ្យប្រើប្រាស់ជាសាធារណះ។