សួនច្បារថ្មី តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ បានបញ្ចប់ការស្ថាបនា ១០០% ហើយ!

សួនច្បារថ្មីមួយកន្លែងស្ថិតនៅតាមបណ្ដោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានស្ថាបនារួចរាល់ ១០០% ហើយ សម្រាប់ទុកឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលំហែកាយ។ 

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា សួនច្បារថ្មីមួយកន្លែងនេះ ត្រូវបានស្ថាបនាចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មកនិងបានបញ្ជាប់ជាស្ថាពរ ១០០% មកហើយ ជាមួយផ្ទៃក្រឡាជិត ១ ម៉ឺនម៉ែត្រការ៉េ ដោយមានបណ្ដោយប្រវែង ៥៥០ ម៉ែត្រ និងទទឹង ១៦ ម៉ែត្រ មានការដាំស្មៅ និងដើមឈើ។ 

លោកបានបន្ថែមទៀតថា សួនច្បារថ្មីនេះ រៀបចំឡើងជាទីធ្លាសម្រាប់លំហែកម្សាន្ដ កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ដ និងម៉ូតូ ជាមួយនឹងបង្គោលបំភ្លឺសួនច្បារផងដែរ។ ចំពោះការងារ ដែលប្រើពេលយូរ គឺស្ថាបនាបង្គន់អនាម័យនៅលើសួនច្បារនេះតែម្ដង។

លោកបានបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេ្ បានយកចិត្តទុកដាក់ខ្លាំងទៅលើការកែលម្អសួនច្បារនានា ជាក់ស្ដែងនៅខណ្ឌសែនសុខ មិនធ្លាប់មានសួនច្បារពីមុននោះទេ ប៉ុន្តែរដ្ឋបាលរាជធានីបានពិនិត្យឃើញទីតាំងខាងលើ អាចរៀបចំសួនច្បារសាធារណៈបាន ទើបណែនាំឲ្យស្ថាបនាឡើង ដោយសារតែសួនច្បារក៏ជាកន្លែងមួយសម្រាប់ប្រជាពលរដ្ឋ មកហាត់ប្រាណ មកលំហែកាយកម្សាន្ដ និងលើកកម្ពស់លំហបៃតងក្នុងទីក្រុងផងដែរ។ 

ចំពោះការងារបន្ទាប់ មន្ទីរសាធារណការនិងដឹកជញ្ជូន នឹងសុំការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអញ្ជើញចុះពិនិត្យ និងណែនាំការងារបន្ថែម មុននឹងរៀបចំបើកដំណើរការជាសាធារណៈ។