សេដ្ឋកិច្ចសហរដ្ឋអាមេរិច បានធ្លាក់ចុះ ៣១.៤% កាលពីត្រីមាសទី២ ប៉ុន្តែរំពឹងងើបឡើងវិញខ្ពស់នៅត្រីមាសបន្ទាប់!

យោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិច បានបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិច បានធ្លាក់ចុះក្នុងរង្វង់ ៣១.៤% កាលពីត្រីមាសទី២ (ចាប់ពីខែមេសា-មិថុនា ឆ្នាំ២០២០) ដែលការនាំចេញទំនិញ និងសេវាកម្មមានការធ្លាក់ចុះយ៉ាងគំហុក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ កំណត់ត្រាសេដ្ឋកិច្ចធ្លាក់ចុះនេះថ្មី បានជំនួសដំណែងវិបត្តិសេដ្ឋកិច្ចសហរដ្ឋអាមេរិចក្នុងប្រវត្តិសាស្ត្រ ដែលបានធ្លាក់ចុះ ១០% កាលពីត្រីមាសទី១ ឆ្នាំ១៩៥៨ នៅពេលដែលលោក Dwight Eisenhower កាន់ដំណែងប្រធានាធិបតី ប៉ុន្តែវិបត្តិចុងក្រោយនេះ ធ្លាក់ចុះខ្លាំងជាងមុនរហូតដល់ ៣ ដង។ 

ទោះជាយ៉ាងនេះក្ដី សេដ្ឋវិទូ ជឿជាក់ថាសេដ្ឋកិច្ចសហរដ្ឋអាមេរិចអាចងើបឡើងវិញក្នុងរង្វង់ ៣០% នៅក្នុងត្រីមាសទី ៣ នេះ ធៀបនឹងត្រីមាសទី២ (ជាអត្រាត្រីមាសប្រចាំឆ្នាំ) ពេលដែលជំនួញអាជីវកម្ម ក្នុងប្រទេសកំពុងបើកដំណើរការឡើងវិញ ហើយពលរដ្ឋអាមេរិចរាប់លាននាក់បានទៅធ្វើការជាធម្មតាវិញហើយ។ កំណើនសេដ្ឋកិច្ចវិញ ៣០% នេះនឹងអាចជំនួសដំណែងកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ១៦.៧% កាលពីត្រីមាសទី១ ឆ្នាំ១៩៥០ ដែលលោក Harry Truman កាន់ដំណែងជាប្រធានាធិបតី។ ប៉ុន្តែតួរលេខជាក់ស្ដែង គេពុំទាន់ដឹងច្បាស់នៅឡើយទេ ព្រោះរដ្ឋាភិបាលអាមេរិច នឹងបញ្ចេញរបាយការណ៍សេដ្ឋកិច្ចត្រីមាសទី៣ (ខែកក្កដា-កញ្ញា) នៅចុងខែតុលាឯណោះ ពោលគឺរយៈពេល ៥ ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ 

ជារួមមក ឆ្នាំ២០២០ ក្នុងត្រីមាសទី១ (ខែមករា-មីនា) សេដ្ឋកិច្ចសហរដ្ឋអាមេរិចបានធ្លាក់ចុះ ៥% ចំណែកត្រីមាសទី២ (ខែមេសា-មិថុនា) បានធ្លាក់ចុះ ៣១.៤% ដែលគេបានរកឃើញថាខែមេសា និងឧសភា សេដ្ឋកិច្ចថយចុះ ៣២.៩% រីឯខែមិថុនាថយចុះ ៣១.៧%។ ចំណែកសន្ទុះសេដ្ឋកិច្ច ដែលគេព្យាករណ៍ថា អាចមានកំណើន ៣០% ឡើងវិញនៅឆមាសទី៣ (ខែកក្កដា-កញ្ញា) នេះកំពុងក្លាយទៅជាចំណុចខ្លាំងមួយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើង ក្នុងវេទិកាតស៊ូមតិវែកញែករវាង អ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋនិយម ដើម្បីឲ្យអ្នកគាំទ្របោះឆ្នោតជូនគាត់ជាប់ជាប្រធានាធិបតីជាលើកទី២។