ភ្លើងឆេះតំបន់ស្រាទំពាំងបាយជូរបស់អាមេរិក កំពុងតែផ្ទុះឡើងខ្លាំង ដែលអាចបន្តឆេះជាច្រើនសប្ដាហ៍ឯណោះ

អាមេរិក៖ បញ្ហាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក កំពុងតែបន្តកើតមានឡើងជាបន្តបន្ទាប់ ពោលគឺផុតពីមួយចូលមួយ ក្រោមមូលហេតុនៃអាកាសធាតុកំពុងមានកម្ដៅខ្លាំង មានខ្យល់ធ្លាក់ ស្របពេលផែនដីកំពុងរងគ្រោះដោយសារតែបម្រែបម្រួលអាកាសធាតុ។

ក្រុមពន្លត់អគ្គិភ័យប្រមាណជា ១,៥០០ នាក់ បានកំពុងដុតដៃដុតជើង ធ្វើការបាញ់ពន្លត់បញ្ហាភ្លើងឆេះ ព្រៃដែលកើតមានឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ស្ថិតក្នុងតំបន់ផលិតស្រាទំពាំងបាយជូរដ៏ធំ និងល្បីល្បាំមួយរបស់អាមេរិក មានឈ្មោះថា Napa ហើយបានកំពុងឆេះរាលដាលទៅកាន់តំបន់ផ្សេងៗទៀតជាច្រើនដូចជា Chateau Boswell និងផ្នែកខ្លះនៃតំបន់ Castello Di Amorosa។ ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ភ្លើងឆេះព្រៃមួយនេះ បានបំផ្លិញបំផ្លាញទ្រព្យសម្បត្តិនៅលើផ្ទៃដីច្រើនជាង ១៧,០០០ ហិចតា មកហើយ។

ស្ថិតក្នុងហេតុការណ៍ភ្លើងឆេះព្រៃនោះ ពលរដ្ឋអាមេរិកចំនួន ៣ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនានា ដីចំការ ត្រូវបានដុតបំផ្លាញក្លាយជាផេះ។ មិនតែប៉ុណ្ណោះ ពលរដ្ឋរាប់ម៉ឹននាក់ផ្សេងទៀត បានកំពុងភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព តែក៏ស្ថិតក្នុងការរិតត្បឹងផងដែរ ដោយសារតែបង្ការពីជំងឺឆ្លងកូវីដ ១៩។ ជាលទ្ធផលប៉ុន្មានថ្ងៃមក គ្រោះមហន្តរាយនេះ ប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ ដោយពុំមានទីជម្រកសម្រាក់ស្នាក់នៅ ពុំអាចប្រកបការងារ អាជីវកម្ម និងប៉ះពាល់ទៅដល់វិស័យទេសចរណ៍ នៃតំបន់ស្រាដ៏ធំផងដែរ។

លោក Tony Gossner ប្រធានក្រុមពន្លត់អគ្គីភ័យ Santa Rosa បានបង្ហាញនូវក្ដីបារម្មណ៍ដូច្នេះថា “ការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃមួយនេះ អាចនឹងចំនាយពេលជាច្រើនសប្ដាហ៍ឯណោះ ទម្រាំយើងអាចធ្វើការគ្រប់គ្រងស្ថានការណ៍មួយនេះបាន ហើយវាពិតជាឈឺចាប់ខ្លាំងណាស់ ដែលយើងត្រូវចំនាយពេលយូ ដើម្បីពន្លត់ ខណៈការខូចខាតបន្តកើតមានឡើងជាបន្តបន្ទាប់”។ យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា ហេតុការណ៍ឆេះដ៏ធំមួយនេះ នៅមិនទាន់អាចស្វែងរកមូលហេតុ ឬហេតុផល ដែលនាំឱ្យមានភ្លើងឆេះបែបនេះនៅឡើយទេ តែឥទ្ធិពលខ្យល់ និងកម្ដៅក្នុងតំបន់ បានធ្វើឱ្យល្បឿននៃការឆេះ រីករាលដាលបានយ៉ាងឆាប់រហ័ស។

អាជ្ញាធរក្នុងតំបន់ ពិសេសអភិបាលរដ្ឋ កាលីហ្វញ៉ា (California) បានប្រកាសអាសន្នទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត អំពីបញ្ហាភ្លើងឆេះព្រៃ ព្រោះថា California ឈានមកដល់រដូវការ ដែលមានភ្លើងឆេះព្រៃច្រើន ស្របពេលខ្យល់ចាប់ផ្ដើមធ្លាក់ខ្លាំងពីភាគខាងត្បូង និងរំពឹងថាអាចនឹងកើតមានឡើងរលកកម្ដៅក្នុងពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ពេលនេះភ្លើងនៅតែបន្តឆេះ ដោយមិនទាន់អាចធ្វើការគ្រប់គ្រងបាននៅឡើយ៕