ខែកញ្ញាកន្លងទៅ រោងចក្ររបស់ចិន នៅតែបន្តទទួលបានលទ្ធផលវិជ្ជមាន នៃការងើបឡើងវិញនៃសេដ្ឋកិច្ច

ប៉េកាំង៖ សេដ្ឋកិច្ចរបស់ចិន ចាប់ផ្ដើមល្អប្រសើរឡើងវិញ ហើយរោងចក្រជាច្រើន ក៏ចាប់ផ្ដើមទទួលបានលទ្ធផលវិជ្ជមាន ជុំវិញសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ។ សម្រាប់ខែកញ្ញាកន្លងទៅនេះ រោងចក្រជាច្រើន បានទទួលនូវលទ្ធផលវិជ្ជមានកាន់តែប្រសើរជាងខែសីហា កន្លងទៅថែមទៀត។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា សកម្មភាព នៃរោងចក្រជាច្រើននៅប្រទេសចិន នៅតែបន្តមានភាពល្អប្រសើរឡើងវិញបន្ដិចម្ដងៗ ក្រោយពីរងគ្រោះធ្ងន់ធ្ងរ ដោយសារតែសម្ពាធនៃជំងឺកូវីដ ១៩ ចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំនេះមក។ ស្របតាមទិន្នន័យផ្លូវការ នៃនាយករដ្ឋានស្ថិតិជាតិរបស់ចិន ហៅកាត់ថា (NBS) បានបង្ហាញថា មួយខែពេញ នៃខែកញ្ញា សកម្មភាព និងលទ្ធផលវិជ្ជមាននៃរោងចក្រជាច្រើននៅប្រទេសចិន បានងើបឡើងប្រសើរជាងខែមុន ក្នុងអត្រា ៥១.១ ខណៈខែសីហា មានកម្រិត ៥១។

ប្រភពព័ត៌មានរបស់នាយកដ្ឋានស្ថិតិជាតិ បានបន្តឱ្យដឹងទៀតថា បើទោះបីជាសេដ្ឋកិច្ចចិន នៅមិនទាន់ស្ដាឡើងវិញដូចមុនក៏ពិតមែន តែអត្រាលើស ៥០% នេះ សបង្ហាញអំពីការងើបឡើងវិញរបស់ចិន ខណៈពេលទីផ្សារ នៅតែបន្តមានតម្រូវការជាបន្តបន្ទាប់។ លោក Zhao Qinghe មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជាតិរបស់ចិន បានលើកឡើងដូច្នេះថា “ខែកញ្ញានេះ រោងចក្រជាច្រើនបានទទួលនូវលទ្ធផលវិជ្ជមានជាច្រើន ដែលបង្ហាញឱ្យឃើញអំពីការងើបឡើងវិញនៃចរន្តសេដ្ឋកិច្ចជាតិ”។

លោក Zhao បានបន្តឱ្យដឹងទៀតថា “យ៉ាងណាក៏ដោយ ផ្នែកមួយចំនួននៅមិនទាន់ទទួលបានលទ្ធផលល្អតាមការរំពឹងទុកនោះទេ ជាក់ស្ដែងរោងចក្រផ្ដោតទៅលើ ការផលិតសំលៀកបំពាក់ ផលិតសាច់ក្រណាត់ និងឈើ នៅមិនទាន់ធូស្រាលនោះទេ ដោយសារតែតម្រូវការទីផ្សារ បន្តធ្លាក់ចុះ។ ជារួម យើងឃើញថាតួរលេខនៃតម្រូវការទីផ្សារបានចាប់ផ្ដើមកើនឡើង តែការងើបឡើងវិញនៃរោងចក្រជាច្រើនរបស់ចិននៅមិនទាន់មានភាពនឹងនរ នៅឡើយ ដោយសារជំងឺឆ្លងកូវីដ ១៩ នៅមិនទាន់មានដំណោះស្រាយ ពុំទាន់មានវ៉ាក់សាំងផ្លូវការ ហេតុនេះការនាំចេញ និងនាំចូលរបស់ចិន អាចនឹងមិនប្រក្រតីជាបន្ត”។

គួររំលឹកថា នៅខែកុម្ភៈ ដើមឆ្នាំ ២០២០ នេះ អត្រាសកម្មភាពនៃរោងចក្រជាច្រើនរបស់ចិន បានធ្លាក់មកសល់ត្រឹម ៣៧.៥ ប៉ុណ្ណោះ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ ១៩ ហើយបានចាប់ផ្ដើមប្រសើរឡើងវិញបន្ដិចម្ដងៗ នៅក្នុងខែមិថុនាកន្លងទៅ។ អត្រានេះ អាចនឹងបន្តកើនឡើង ក្នុងខែតុលានេះ តែនៅមិនអាចឈានដល់ក្នុងកម្រិត ដែលមាននៅឆ្នាំ ២០១៩ នៅឡើយ៕