រាជរដ្ឋាភិបាលថៃ សម្រេចដាក់ប្រទេសក្នុងស្ថានភាពអាសន្នមួយខែទៀត ប៉ុន្តែចាប់ផ្ដើមផ្ដល់ទិដ្ឋការពិសេសសម្រាប់ស្នាក់នៅរយៈពេលវែង!

យោងតាមការបញ្ជាក់ពីលោក Wissanu Krea-Ngam ឧបនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Prayuth Chan-Ocha បានសម្រេចដាក់ប្រទេសថៃស្ថិតនៅក្នុងគ្រាអាសន្នរយៈពេល ១ ខែទៀត ដោយបញ្ចប់នឹងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ 

នេះគឺជារយៈពេល ៦ ខែមកហើយ ដែលរាជរដ្ឋាភិបាលថៃ បានចាប់ផ្ដើមអនុវត្តវិធានការណ៍បិទច្រកព្រំដែន និងដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ ខាងក្រោមនេះ គឺជាតារាងបង្ហាញអំពីភ្ញៀវទេសចរអន្តរជាតិ ដែលប្រទេសថៃទទួល ស្ថិតនៅក្នុងកម្រិតទាបបំផុតចាប់ពីខែមីនាមក។ 

យ៉ាងណាមិញ បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា រាជរដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមអនុវត្តនូវការផ្ដល់ទិដ្ឋការពិសេសដល់ភ្ញៀវទេសចរអន្តរជាតិ ចាប់ពីខែតុលានេះតទៅហើយ ដែលគេអាចស្នាក់នៅប្រទេសថៃរយៈពេល ៩០ ថ្ងៃ ឬ ៣ ខែ ហើយអាចបន្ដទិដ្ឋការបានដល់ ២៧០ ថ្ងៃ ឬ ៩ ខែ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមុនសិន មុននឹងអាចធ្វើដំណើរនៅទីសាធារណៈបាន។ យោងតាម លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា បានបញ្ជាក់ថា ទិដ្ឋការពិសេសនេះផ្ដល់ជូនត្រឹមតែភ្ញៀវទេសចរអន្តរជាតិ ១,២០០ នាក់ប៉ុណ្ណោះក្នុងមួយខែ ដោយត្រៀមបើកដំបូងនូវភ្ញៀវទេសចរចិន ចំនួន ១៥០ នាក់ ដែលធ្វើការហោះហើរពីក្វាងចូវ-ភូកេត នៅថ្ងៃទី៨ ខែតុលា ខាងមុខនេះ ចំណែកជើងហោះហើរប្រទេសចិនដទៃទៀត នឹងអាចមាននៅថ្ងៃទី២៥ ខែតុលា រីឯភ្ញៀវទេសចរអឺរ៉ុប អាចនឹងនៅខែវិច្ឆិកាឯណោះ។

លោកបានបន្ថែមទៀតថា ប្រទេសថៃមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍អន្តរជាតិខ្ពស់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ប្រហែល ១ ភាគ ៥ ឯណោះ ហើយមុនវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ ២០១៩ ប្រទេសថៃទទួលភ្ញៀវទេសចរអន្តរជាតិជាង ៤០ លាននាក់ ដែលបង្កើតជាចំណូលប្រហែល ៦០ ពាន់លានដុល្លារចូលក្នុងចរន្ដសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា គិតមកដល់ដំណាច់ខែកញ្ញានេះ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបជាង ៣,៥០០ នាក់ និងចំនួនអ្នកស្លាប់ ៥៩ នាក់។