អេហ្ស៊ីបសម្រេច សិក្សាគម្រោងផលិតថាមពលអគ្គិសនី ដោយកម្លាំងខ្យល់ ក្នុងទឹកប្រាក់ជាង ៥០០ លានដុល្លារ

រដ្ឋាភិបាលអេហ្ស៊ីបានកំពុងគិតគូ ទៅដល់ថ្ងៃអនាគត ស្របទៅតាមផែនការមេ របស់សមាគមន៍អឺរ៉ុប EU ពោលគឺ ការទប់ស្កាត់ការបំភាយឧស្ម័នពុលចូលទៅបរិយាកាស ដើម្បីទប់ស្កាត់ការកើនឡើងកម្ដៅផែនដី ពិសេសគឺបម្រែបម្រួលអាកាសធាតុ បង្កើតជាគ្រោះធម្មជាតិជាច្រើន។ តាមរយៈនេះ អេហ្ស៊ីប បានកំពុងដើរទៅរកថាមពលបៃតងហើយ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការសិក្សា។

អេហ្ស៊ីបបានសម្រេចចំនាយថវិការប្រមាណជា ៨ ពាន់លានផោន (EGP) ឬប្រមាណជា ៥០០ លានដុល្លារ ក្នុងការវិនិយោគលើគម្រោងផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់កម្លាំងខ្យល់ ឬថាមពលដែលអាចករកើតមានឡើងវិញបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា គម្រោងធំមួយនេះ គឺស្ថិតក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុន Emirati របស់អារ៉ាប់ ដែលនឹងចំនាយពេល ២ ឆ្នាំក្នុងការសិក្សាស្រាវជ្រាវជាមុនសិន។

លោក Mohamed Shaker រដ្ឋមន្ត្រីក្រសួងថាមពល និងអគ្គិសនីរបស់អេហ្ស៊ីបបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនជំនាញរបស់អារ៉ាប់ (Emirati) បានកំពុងចាប់ផ្ដើមធ្វើការសិក្សាលើគម្រោងធំមួយនេះ នៅតំបន់ឈូងសមុទ្រ Gulf of Suez ហើយ ដែលជាតំបន់មានល្បឿនខ្យល់ច្រើន។ ការសិក្សាមុននឹងចាប់ផ្ដើមគម្រោងនេះ នឹងធ្វើឡើងសម្រាប់រយៈពេល ០២ ឆ្នាំ ដែលមើលទៅលើល្បឿន និងគណនា នៃកម្រិតខ្យល់ ផលប៉ះពាល់ទៅដល់សត្វស្លាប ធនធានដី និងផលប៉ះពាល់ទៅដល់បរិស្ថានជុំវិញផ្សេងៗទៀត។

តាមរយៈការវាយតម្លៃ នៅពេលថាមពលបៃតង ដំណើរការដោយថាមពលខ្យល់នេះចាប់កំណើត និងដាក់ឱ្យដំណើរការជាផ្លូវការ អេហ្ស៊ីប អាចមានលទ្ធភាពបង្កើតថាមពលអគ្គិសនីផ្ទាល់ខ្លួន ក្នុងកម្រិតអានុភាពប្រមាណជា ៥០០ មេហ្គាវ៉ាត់។ កម្លាំងថាមពលទាំងនោះ ក៏ត្រូវបានសិក្សា និងវាយតម្លៃរួចរាល់ ជុំវិញការលក់ទៅកាន់តំបន់ជុំវិញ ក្នុងរង្វង់ផ្ទៃដីប្រមាណជា ៧,៨៧២ គីឡូម៉ែត្រ ពីស្ថានីយ ជាមួយតម្លៃចាប់ពី ០.០២ ទៅ ០.០២៥ ដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។

គួរបញ្ជាក់ថា អេហ្ស៊ីប គឺជាប្រទេសសំបូរទៅដោយធនធានធម្មជាតិខ្យល់ និងប្រព័ន្ធសូឡា និងជាប្រទេស ដែលផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់ធនធានធម្មជាតិធំជាងគេ។ បច្ចុប្បន្នថាមពលអគ្គិសនី កើតចេញពីថាមពលដែលកកើតឡើងវិញ (Renewable Energy) របស់អេហ្ស៊ីប មានទំហំជិត ២០% នៃថាមពលប្រើប្រាស់សរុប ហើយឆ្នាំ ២០២២ ខាងមុខ អេហ្ស៊ីបរំពឹងទុកថា នឹងបង្កើតថាមពល ដែលកកើតឡើងវិញនេះក្នុងកម្រិត ២០% បន្ថែមទៀត ដោយក្នុងនោះមាន ១២% ចេញពីថាមពលខ្យល់ ៦% ពីវារីអគ្គិសន៍ និង ២% ពីថាមផ្ទាំងសូឡា៕