កម្ពុជា សម្រេចធ្វើបណ្ណបើកបរស្ដង់ដារអន្តរជាតិ អាចឲ្យប្រជាពលរដ្ឋខ្មែរបើកបរចំនួន ៩៩ ប្រទេសជុំវិញពិភពលោក!

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល និងប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធយានជំនិះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណបើកបររថយន្ដស្ដង់ដារអន្តរជាតិ ដែលប្រជាពលរដ្ឋកម្ពុជា នឹងអាចមានសិទ្ធបើកបររថយន្ដនៅក្នុងប្រទេសចំនួន ៩៩ នៅជុំវិញពិភពលោក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពិធីដាក់សម្ពោធមណ្ឌលផ្ដល់សេវាសាធារណៈនៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជា ចាប់ផ្ដើមធ្វើបណ្ណបើកបរអន្តរជាតិ ស្របតាមស្ដង់ដារត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ។ ហើយបណ្ណបើកបរនេះ អាចឲ្យពលរដ្ឋខ្មែរបើកបររថយន្ដក្នុងប្រទេសចំនួន ៩៩ ជុំវិញពិភពលោក ឧទាហរណ៍ សហរដ្ឋអាមេរិចជាដើម (ចំនួនប្រទេសអាចប្រើប្រាស់បាន ត្រូវបញ្ជាក់នៅក្នុងបណ្ណបើកបរ)។ 

ចំពោះការធ្វើបណ្ណបើកបរអន្តរជាតិនេះ មានភាពងាយស្រួលទេ ដោយគ្រាន់តែយកបណ្ណបើកបរដែលយើងប្រើប្រាស់សព្វថ្ងៃ ទៅកាន់មណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមបំពេញបែបបទដាក់ស្នើធ្វើបណ្ណបើកបរអន្តរជាតិ ដែលមានតម្លៃសេវា ២៥ ម៉ឺនរៀល ជាមួយសុពលភាពប្រើប្រាស់រយៈពេល ១ ឆ្នាំ។