ក្រសួងសាធារណការនិងដឹកជញ្ជូន បើកកិច្ចប្រជុំស្ដីពីកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង!

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំនៅអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីពិនិត្យពិភាក្សាលើកិច្ចព្រមព្រៀងស្ដីពី «ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ»។ 

បន្ទាប់ពីបានធ្វើកិច្ចពិភាក្សា កែសម្រួលបន្ថែមនូវមាត្រាមួយចំនួនមក ឯកឧត្តម រស់ វណ្ណា បានណែនាំឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ពិនិត្យបន្ថែមលើគំរូកិច្ចព្រមព្រៀងដែលទើបអនុម័តថ្មីនេះ និងណែនាំឲ្យក្រសួងការបរទេស ពិនិត្យមើលបន្ថែមការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងសូមធ្វើការរំលេចនូវគុណតម្លៃរបស់កិច្ចព្រមព្រៀងនេះ ក៏ដូចជាត្រៀមដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសុំការឯកភាព។ 

តាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងកំពុងពិភាក្សា និងសិក្សាឡើងវិញនូវសេចក្ដីព្រាងច្បាប់ស្ដីពីកំពង់ផែ ក្នុងគោលបំណងពង្រឹង និងពង្រីកប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ បច្ចុបុ្បន្ននេះ កម្ពុជាមានកំពង់ផែតាមបណ្ដោយទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចំនួន ៧៨ កំពង់ផែ និងកំពង់ផែសមុទ្រ ដែលមានមុខងារជាកំពង់ផែទេសចរណ៍ កំពង់ផែពាណិជ្ជកម្ម កំពង់ផែឧស្សាហកម្ម និងកំពង់ផែប្រេង មានចំនួន ២៧ កំពង់ផែ។  

សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងស្ថិតនៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានបើកកិច្ចចរចាចំនួន ៣ លើកមកហើយ នឹងត្រៀមបិទបញ្ចប់ជាផ្លូវការមុនដំណាច់ឆ្នាំ២០២០ ស្របពេលដែលទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេរភាគីសរុបជាង ១ ពាន់ដុល្លារ ដែលកម្ពុជាបាននាំចេញទំនិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ប្រទេសកូរ៉េ ក្នុងរង្វង់ទឹកប្រាក់ ៦៩៧ លានដុល្លារ និងបាននាំចូលនូវផលិតផលគ្រឿងយន្ដ ភេសជ្ជៈ និងវាយនភ័ណ្ឌ ក្នុងរង្វង់ទឹកប្រាក់ជាង ៣៣៦ លានដុល្លារ។