ផ្លូវ ៨៧ ខ្សែប្រវែងសរុប ២៤៣ គីឡូម៉ែត្រ កំពុងត្រូវបានជនលិចដោយទឹកភ្លៀង!

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងលេខ២០ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ តំបន់ស្ពានទំនប់ទឹក ៧ មករា។ 

ក្នុងដំណើរត្រួតពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃបឋម និងថ្លែងទៅកាន់អ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន ១៣ ខេត្តរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំ កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងសៀមរាប។ ក្នុងនោះផ្លូវចំនួន ៨៧ ខ្សែដោយមានចំនួន ១៩៩ កំណាត់សរុបប្រវែង ២៤៣ គីឡូម៉ែត្រ ត្រូវបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនេះ។ 

ចំពោះចំណុចព្រំប្រទល់ភ្នំពេញ និងខេត្តកណ្ដាល ឯកឧត្តមបានឃើញនូវស្ថានភាពផ្លូវលេខ២០ ជាផ្លូវកាត់ផ្លូវជាតិលេខ៣ ចាប់ពីស្ពានទំនប់ ៧ មករា រហូតដល់រង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋជាច្រើន។ ចំណែកផ្លូវជាតិលេខ ៣ វិញឯកឧត្តមបានណែនាំឲ្យក្រុមហ៊ុនកំពុងម៉ៅការសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹកភ្លៀងហូរចោះ នៅម្ដុំស្ពានទំនប់៧មករា ឲ្យបានស្អាតឡើងវិញ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ និងការស្ទះចរាចរណ៍ជាដើម។

លើសពីនេះ ឯកឧត្តម នឹងដឹកនាំក្រុមការងារបច្ចេកទេសធ្វើការវាយតម្លៃ តាមដានជាប្រចាំ និងរកមធ្យោបាយដើម្បីរំដោះទឹកភ្លៀងឲ្យផុតពីផ្លូវជាតិលេខ៣ ដើម្បីកុំឲ្យហូរកាត់ផ្លូវ បង្កផលប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ 

ចំណែកតម្លៃនៃការខូចខាត និងថវិកាសម្រាប់ជួសជុលឲ្យប្រសើរឡើងវិញ ក្រុមការងារជំនាញក្រសួង នៅមិនទាន់អាចវាយតម្លៃបានជាក់លាក់នៅឡើយទេ ដោយរង់ចាំទឹកស្រកសិនទើបក្រុមបច្ចេកទេស សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែង។ 

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសរថយន្ដដឹកជញ្ជូន មេត្តាផ្អាកដំណើរការ តាមផ្លូវសំខាន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកភ្លៀង ជាបណ្ដោះអាសន្នសិន ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ និងធានាដល់គុណភាពផ្លូវ ហើយក៏ជាការចូលរួមសន្សំសំចៃថវិកាជាតិ ដែលចំណាយទៅលើការជួសជុលផ្លូវផងដែរ។ 

ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើសុំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ពិនិត្យមើលលទ្ធភាពស្ដារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់ សង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះខ្លាំងនៅក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។