ក្រសួងដឹកជញ្ជូន សុំផ្អាកចរាចរណ៍រថយន្ដដឹកទំនិញធុនធំ លើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា, ២១បេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាបណ្ដោះអាសន្ន!

យោងតាមមតិណែនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងមតិណែនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជុំវិញស្ថានភាពជំនន់ទឹកភ្លៀង ជន់លិចកំណាត់ផ្លូវជាតិជាច្រើនក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងដើម្បីរក្សាគុណភាពផ្លូវឲ្យប្រើប្រាស់បានយូរអង្វែង បញ្ចៀសបញ្ហាគ្រោះថ្នាក់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ផ្អាកការដឹកជញ្ជូនទំនិញតាមកំណាត់ផ្លូវជាតិមួយចំនួន នៅក្នុងខេត្តកណ្ដាល។ 

មន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជនឡើងយ៉ាងខ្លាំង បណ្ដាលឲ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្ដាល ហើយស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ដដឹកទំនិញធុនធំបានទេ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចរណ៍រថយន្ដដឹកទំនិញធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា, ២១បេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវ-ស្ពានកុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋម្ចាស់រថយន្ដដឹកជញ្ជូនធុនធ្ងន់ទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការជាមួយយើងខ្ញុំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ-ស្ពាន អោយបានយូរអង្វែង។

 

 

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល