ពលរដ្ឋជាច្រើនគ្រួសារ បានចូលរួមរុះរើសំណង់ ដែលជាចំណីផ្លូវ សម្រាប់គម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែនៅសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា គម្រោងចុះដោះស្រាយលំនៅដ្ឋាន ដែលប៉ះពាល់ទៅដល់គម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្រុងសៀមរាប បានទទួលលទ្ធផលវិជ្ជមាន ក្រោមការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរុះរលើសំណង់ ដែលសង់នៅលើដីចំណីថ្នល់។

យោងតាមរយៈព័ត៌មានចេញផ្សាយដោយ រដ្ឋបាលខេត្តសៀមរាប កាលពីម្សិលមិញនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជុំវិញគម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ក្រោមការចុះធ្វើការវាស់វែង នៃក្រុមជំនាញទាំង ៦ ក្រោមការចូលរួមពីអាជ្ញាធរក្រុងសៀមរាប ចៅសង្កាត់ ជាដើមនោះ បានដោះស្រាយនូវរាល់បញ្ហា ដែលប្រជាពលរដ្ឋមានក្បាលដី និង លំនៅដ្ឋានបានប៉ះពាល់លើផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយម្ចាស់លំនៅដ្ឋានមួយចំនួនបានអនុវត្តន៍ ធ្វើការរុះរើ និងមួយចំនួនមិនទាន់បានរុះរើទេ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និង ម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត។

ប្រភពដដែលបន្តឱ្យដឹងទៀតថា ក្រុមការងារបានលើកឡើង អំពីបញ្ហាប្រឈម មួយចំនួន ដែលបានកំពុងជួបប្រទះ ក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយចំនួនបានធ្វើការបំពាន លើគំនូសជើងម៉ែត្រ ដែលធ្វើឲ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ។ ក្នុងឱកាសនោះ ឯកឧត្តម លី រស្មី ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលបានអនុវត្តនៅខេត្តព្រះសីហនុ ចំពោះ ការកំណត់ទំហំផ្លូវនិមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និង ក្រុមការងារវាស់វែងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះធ្វើការអនុម័តទៅលើរាល់បញ្ហាមួយចំនួន ដែលក្រុមនិមួយៗបានអនុវត្តន៍ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើរបាយការណ៍ក្រុមការងារវាស់វែង បានលើកឡើង សំខាន់ដោយបានផ្តោតទៅលើបញ្ហាប្រឈម និង សំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បធ្វើការត្រួតពិនិត្យ និងសម្រេច ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារវាស់វែង បន្តធ្វើការពិនិត្យ ជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដោយខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តដ៏សម្បូរបែបលើវិស័យវប្បធម៌ ដែលមានប្រាង្គប្រាសាទលី្បល្បាញទៀតផង៕

 

     

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប