ពលរដ្ឋជាង ១ ពាន់គ្រួសារ បានកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តកំពត គិតត្រឹមថ្ងៃទី២០ នេះ

កំពត៖ ពលរដ្ឋប្រមាណជា ១ ពាន់គ្រួសារ ត្រូវបានរាយការមកថា បានរងគ្រោះដោយសារតែគ្រោះទឹកជំនន់ ក្នុងខែតុលា នេះបើយោងតាមការចុះធ្វើការត្រួតពិនិត្យ ស្វែងយល់ និងវាយតម្លៃជាក់ស្ដែង នៃផលប៉ះពាល់ ស្ថិតនៅឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

តាមរយៈរដ្ឋបាលខេត្តកំពត បានឱ្យដឹងថា  ចំពោះខេត្តកំពត នៅមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ តែបើទោះបីជាមិនរងផលប៉ះពាល់ខ្លាំងដូចតាមបណ្ដាខេត្តផ្សេងៗក៏ពិតមែន តែលោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរស្រុកឃុំកងកម្លាំង និងអ្នកពាក់ព័ន្ធ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងបន្តការតាមដាន ពីអាកាសធាតុ ឬជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានជាប្រចាំហើយបើមាន ហេតុការណ៍អ្វី ត្រូវតែចុះជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ឬរាយការណ៍មកថ្នាក់ខេត្ត ដើម្បីមានវិធានការដោះស្រាយបន្ទាន់ ជួយដល់ប្រជាពលរដ្ឋ ដោយមិនធ្វេសប្រហែស ឬមើលស្រាលឡើយ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានស្នើដល់អាជ្ញាធរឃុំស្រុក ធ្វើរបាយការណ៍ឲ្យបានជាក់លាក់ពីផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចាត់វិធានការដោះស្រាយ ទាំងស្បៀងអាហារ និងស្ដារផ្ទៃដីកសិកម្មឡើងវិញ ឲ្យបានទាន់ពេលវេលា។ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តកំពតមានផលប៉ះពាល់តិចតួចនៅក្នុងស្រុកបន្ទាយមាស ពោលគឺមានការលិចផ្ទះសំបែង និងស្រែរបស់ប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយវិលមករកស្ថានភាពធម្មតាវិញ។ 

ជាមួយគ្នានោះដែរ របាយការណ៍របស់រដ្ឋបាលខេត្តកំពត បានគូសបញ្ជាក់ឱ្យដឹងថា ពលរដ្ឋប្រមាណជា ១០៣០ គ្រួសារ បានរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តកំពត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្អែកនេះផងដែរ ដែលរៀបចំនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសផ្ទាល់។ មិនតែប៉ុណ្ណោះ ក្រោយពីជួរថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ បានពិនិត្យផលប៉ះពាល់ទឹកជំនន់ នៅក្នុងភូមិសាស្រ្តខាងលើរួចមក ក៏បានបន្តដំណើរទៅពិនិត្យទីតាំងសម្រាប់ត្រៀមផ្តល់គ្រឿងឧបភោគ បរិភោគ ជូនគ្រួសាររងផលប៉ះពាល់ ដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ។

គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦ គ្រួសារ ស្មើប្រមាណ ៣១២,២២៤ នាក់ ទៅទូទាំងផ្ទៃប្រទេស បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដោយក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិត។

 

ប្រភព៖ រដ្ឋបាលខេត្តកំពត