ស្ថានភាពគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បន្តកើនឡើង នៅមិនទាន់ធូស្បើយនៅឡើយទេ!

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយ ដែលរងគ្រោះដោយឥទ្ធិពលជំនន់ទឹកភ្លៀង ក្នុងឆ្នាំ ២០២០ នេះច្រើនជាងគេ ដោយគិតមកត្រឹមថ្ងៃទី២០ ខែតុលា នេះ ឃើញថា នៅមិនទាន់មានភាពធូស្បើយនៅឡើយ ខណៈប្រទេសជិតខាងកម្ពុជា ពិសេសគឺប្រទេសថៃ ក៏បានកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដូចគ្នា។

តាមការគូសបញ្ជាក់របស់អាជ្ញាធរ នៃខេត្តបន្ទាយមានជ័យ បានប្រាប់​ឱ្យដឹងនារសៀលថ្ងៃទី២០ ខែតុលា នេះថា ស្ថានភាពគ្រោះទឹកជំនន់ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺនៅតែបន្តកើនឡើង ដែលធ្វើឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។ ប្រភពដដែល បានបញ្ជាក់ឱ្យដឹងថា ការកើនឡើង មិនធូស្បើយនេះ គឺទឹកជំនន់មួយភាគធំបានធ្លាក់មកពីប្រទេសថៃ ហើយទំនប់អូរកៃដន ក្នុងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ បាននឹងកំពុងបាក់ ដោយសារតែកម្លាំងទឹកខ្លាំង ជាមូលហេតុធ្វើឱ្យក្រុងប៉ោយប៉ែតប្រឈម នឹងការលិចលង់កាន់តែខ្លាំងជាងមុន។

ជាមួយគ្នានោះដែរ នាព្រឹកមិញនេះ អាកាសធាតុនៅក្នុងខេត្តមិនអំណោយផលនោះទេ ដោយផ្ទៃមេឃងងឹតអួរអាប់ខ្លាំង ដែលអាចនឹងមានភ្លៀងធ្លាក់ច្រើនបន្ថែមទៀត ធ្វើឱ្យកម្ពស់ទឹកជន់លិចកាន់តែខ្លាំងថែមទៀត។ ដើម្បីឆ្លើយតប ទៅនឹងគ្រោះទឹកជំនន់នេះ អាជ្ញាធរមានសមត្ថកិច្ចបានកំពុងបន្តជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសអ្នកដែលស្ថិតក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរ ដូចជាលិចលុងលំនៅដ្ឋានជាអាទិ៍ តាមរយៈការជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព និងផ្ដល់ជាស្បៀងអាហារ។ មិនតែប៉ុណ្ណោះផ្លូវជាតិលេខ ៥ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផងដែរ ត្រង់ចំណុចក្រុងប៉ោយប៉ែត ដោយសារតែទឹកជំនន់កំពុងហូរកាត់ផ្លូវ។

 

សូមបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ បានវាយប្រហារយ៉ាងខ្លាំងមកលើខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ ទន្ទឹមគ្នានោះដែរ នាព្រឹកថ្ងៃទី២០ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងទៀតផង ដែលជាការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋ និងដឹងអំពីស្ថានភាពគ្រោះទឹកជំនន់ជាក់ស្ដែងផងដែរ៕