ក្រសួងធនធានទឹក ជូនដំណឹងអំពីកម្ពស់ទឹកអាងទន្លេមេគង្គភាគខាងជើង ប្រទេសកម្ពុជា!

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធដែលបាន និងកំពុងបន្ដអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គនៅភាគខាងលើបន្ដឡើងជាលំដាប់ ក្នុងរយៈពេលចាប់ពី ៤ ទៅ ៦ ថ្ងៃខាងមុខ ក្នុងនោះ៖

•នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩.៥ ម៉ែត្រ។

•នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០ ម៉ែត្រ។

• នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤.១ ម៉ែត្រ។

សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។ អាស្រ័យហេតុនេះ ក្រសួងធនធានទឹក ស្នើសូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្ដាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្ដាអាងទឹកនានា និងតំបន់ទំនាប។