ប្រទេសថៃ បើកទ្វារទទួលភ្ញៀវទេសចរបរទេសត្រឡប់ចូលមកក្នុងប្រទេសខ្លួនវិញ ក្រោយពេល 7 ខែរួចមក!



ភ្ញៀវទេសចរជនជាតិចិនប្រមាណ 39% បានមកដល់ទីក្រុងបាងកក តាមជើងហោះហើរអន្តរជាតិ កាលពីថ្ងៃអង្គារនេះ ដែលវាជាការកត់សម្គាល់ថ្មី នៃការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេស ចូលមកកាន់ប្រទេសថៃវិញ បន្ទាប់ពីរយៈពេល 7 ខែ ទទួលរងឥទ្ធិពលអវិជ្ជមាននៃការឆ្លងរាលដាល ដោយវីរុសកូរ៉ូណារួចមក។




ក្រុមអ្នកទេសចរមកពីសៀងហៃ ដែលបានចូលមកក្នុងប្រទេសនេះ ដែលស្ថិតនៅក្រោមទិដ្ឋាការថ្មី  (Special Tourist Visa) នឹងត្រូវឆ្លងកាត់ការស្នាក់នៅដាច់ដោយឡែករយៈពេល 14 ថ្ងៃនៅតាមកន្លែងនានាដែលរដ្ឋបានកំណត់ នៅក្នុងរាជធានី មុននឹងអនុញ្ញាតឲ្យពួកគេ ចេញដំណើរទៅតាមគោលដៅរៀងៗខ្លួន។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថាភាគច្រើននៃភ្ញៀវទេសចរ ដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃសរុបចំនួន 30 ថ្ងៃ បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេ ដើម្បីឆ្ពោះទៅកម្សាន្តនៅតាមតំបន់ឆ្នេរសមុទ្រមុនគេ បន្ទាប់ពីរយៈពេល នៃការតម្រូវឲ្យស្នាក់នៅដោយឡែករបស់ពួកគេ ត្រូវបានបញ្ចប់។




ប៉ុន្តែដើម្បីធានាបាននូវភាពច្បាស់លាស់ និងធានាសុវត្ថិភាព ដើម្បីធ្វើដំណើរក្នុងប្រទេស ភ្ញៀវទេសចរត្រូវតែធ្វើតេស្តអវិជ្ជមានទៅលើវីរុសកូរ៉ូណានេះ ចំនួនពីរដង។ បន្ថែមពីនេះ ពួកគេទាំងអស់ត្រូវតែតម្លើងកម្មវិធីតាមដាន (Tracking app) នៅលើស្មាតហ្វូន របស់ពួកគេផងដែរ។




លោក Yuthasak បាននិយាយថា ក្រុមភ្ញៀវទេសចរប្រហែល 100 នាក់ បានមកដល់ទីក្រុងបាងកក ដោយចេញពីទីក្រុង Guangzhou នៃភាគខាងត្បូងប្រទេសចិននៅថ្ងៃច័ន្ទ និងភ្ញៀវមកពីតំបន់ផ្សេងៗទៀតរបស់ចិន និងបណ្តាប្រទេសមួយចំនួន មកពីអឺរ៉ុបផងដែរ។


គួររំលឹកផងដែរថា ប្រទេសថៃបានដាក់ការចាក់សោរប្រទេស (Lockdown) នៅចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់ នៃការរីករាលដាលវីរុសកូរ៉ូណា ដែលរារាំងជនបរទេស មិនអោយចូលមកក្នុងប្រទេសរបស់ខ្លួន។




ទោះបីជាមាន បាតុកម្មនៃការប្រឆាំងនឹងរដ្ឋាភិបាល បានធ្វើឱ្យរញ្ជួយប្រទេស ជាពិសេសនៅទីក្រុងបាងកកក៏ដោយ ក៏លោក Yuthasak បាននិយាយថា ភាពតានតឹងនយោបាយកាន់តែខ្លាំងនោះ មិនបានប៉ះពាល់ដល់វិស័យទេសចរណ៍ឡើយ ដោយលោកនៅតែរំពឹងថា ភ្ញៀវទេសចរបរទេសនឹងធ្វើដំណើរទៅកាន់តំបន់កម្សាន្ត នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃ។ ប៉ុន្តែលោក ក៏បានបន្ថែមដែរថា ស្ថានការណ៍ទាក់ទងនឹងទេសចរណ៍នេះ នឹងត្រូវតែ បានត្រួតពិនិត្យ យ៉ាងដិតដល់ជាទីបំផុត។


គូសបញ្ជក់ផងដែរថា រាប់ត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុសថ្មីចំនួន 9 នាក់ ដែលករណីទាំងអស់ សុទ្ធតែបាននាំចូលពីក្រៅប្រទេស   និងនាំឱ្យប្រទេសថៃ មានករណីឆ្លងសរុប ដល់ទៅ 3,700 ករណី។