ក្រសួងដឹកជញ្ជូន បន្ដការងារពិនិត្យស្ថានភាពទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ!

ក្នុងឱកាសអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃជំនួបសួរសុខទុក្ខ និងឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ២ ម៉ឺនគ្រួសារក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបន្ដដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យនូវស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅភូមិពាយ័ព្យ ភូមិសាស្ត្រខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ 

តាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចនិងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបចំនួន ១២៣ ខ្សែ មានចំនួន ៣០៨ កំណាត់ក្នុងប្រទេសកម្ពុជា ដែលមានប្រវែងសរុប ៤០០ គីឡូម៉ែត្រ ហើយប៉ះពាល់ខ្លាំងទៅលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ហើយក្នុងនោះក៏មានផ្លូវដីគ្រួសក្រហមមានប្រវែង ១៤០ គីឡូម៉ែត្រផងដែរ។

នៅក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីជំនាញធ្វើការកាយប្រឡាយដើម្បីរំដោះទឹកជំនន់នេះ ហើយពង្រីកប្រព័ន្ធលូបង្ហូរទឹកឲ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹកទប់ស្កាត់កុំឲ្យមានការហូតកាត់ផ្ដាច់ផ្លូវ បង្កការជនលិចដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្រោមផ្លូវ និងបន្ដសម្រួលធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាព។ 

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសរថយន្ដដឹកទំនិញធ្ងន់ៗមេត្តាកុំឆ្លងកាត់នៅលើផ្លូវទាំងឡាយណាដែលកំពុងរងការជន់លិច ដែលបណ្ដាលឲ្យគុណភាពផ្លូវខូចខាតកាន់តែខ្លាំងឡើង ជាក់ស្ដែងការដឹកទំនិញពីប៉ោយប៉ែតមក សូមមេត្តាកុំឆ្លងកាត់តាមផ្លូវជាតិលេខ៥ ប៉ុន្តែសូមធ្វើដំណើរវាងផ្លូវជាតិលេខ៦ ដែលមានហានិភ័យទាប។ 

លើសពីនេះទៀត ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះប៉ាន់ស្មានចំពោះទំហំនៃការខូចខាតផ្លូវថ្នល់ស្ពានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចប់ថវិកា យកមកជួសជុលឡើងវិញ នៅពេលផុតគ្រោះទឹកជំនន់នេះ។