ខេត្តព្រះសីហនុ រៀបចំពិភាក្សាលើគម្រោងវិនិយោគ ៣ ឆ្នាំរំកិល សម្រាប់ឆ្នាំ ២០២១ ទៅឆ្នាំ ២០២៣

ព្រះសីហនុ៖ គម្រោងវិនិយោគ សំខាន់ៗសម្រាប់ថ្ងៃអនាគត នៅក្នុងទឹដីនៃខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងព្រះសីហនុ បានកំពុងធ្វើការពិគ្រោះយោបល់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត មុនឆ្នាំ ២០២១ មកដល់ ដោយធ្វើយ៉ាងនាជម្រុញការអនុវត្តឱ្យមានប្រសិទ្ធភាព សម្រាប់ ៣ ឆ្នាំខាងមុខទៀតនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋបាលខេត្ត ព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ត្រូវនឹងទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតី បើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ឆ្នាំ ២០២១ ទៅឆ្នាំ ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានលើកឡើងទៅកាន់ វេទិកាពិគ្រោះយោបល់ថា វេទិកានេះធ្វើឡើង ដើម្បីជាប្រយោជន៍ដល់ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមមានសង្គតិភាព ពិសេសការពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ 

ជុំវិញការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្តនេះ ក៏បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៉ី តម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាពផងដែរ។

មុននឹងបញ្ចប់ លោក គួច ចំរើន បានបន្ថែមទៀតថា រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍអង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តគម្រោងក្នុងដែនដីរបស់ខ្លួនព្រមទាំងឈ្មោះគម្រោង ទីតាំងគម្រោងដែលត្រូវអនុវត្តដោយតម្លាភាព សង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគ និងការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព៕

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ