កម្ពុជា ប្រហែលអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពាក់កណ្ដាលឆ្នាំ២០២១!

តាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានផ្ដល់កិច្ចសម្ភាសន៍ជូនសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា គិតមកទល់ពេលនេះ មានប្រទេសចំនួន ៨ ទៅ ៩ ប្រទេសជុំវិញពិភពលោក កំពុងដុតដៃដុតជើង ដើម្បីផលិតវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ក្នុងនោះរួមមានសហរដ្ឋអាមេរិច រុស្ស៊ី ចក្រភពអង់គ្លេស សាធារណរដ្ឋប្រជាមានិតចិន -ល- បាននិងកំពុងប្រើប្រាស់ដំណាក់កាលសាកល្បងនៅក្នុងប្រទេសរបស់ខ្លួន និងដាក់ចូលទៅក្នុងអង្គការផលិតវ៉ាក់សាំង ប៉ុន្តែពុំទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់ជាសកល ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយទេ។ 

យ៉ាងណាមិញ ពិភពលោកនៅតែបន្ដធ្វើការរួមគ្នា ជាមួយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធផលិតថ្នាំបង្កានិងវ៉ាក់សាំង ហៅកាត់ថា អង្គការ Gavi ដើម្បីស្រាវជ្រាវផលិតវ៉ាក់សាំងដែលអាចប្រើប្រាស់ជាសកល ហើយក៏កំពុងធ្វើការទៅលើកម្មវិធី COVAX Facility ដែលនឹងផ្ដល់ជំនួយវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានហានិភ័យខ្ពស់ពីជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។

លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ថា លោកជំទាវទើបតែបានជួបប្រជុំជាមួយអង្គការ Gavi កាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពដែលប្រទេសកម្ពុជា អាចទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ នេះ រួមជាមួយការរៀបចំ៖ ផែនការ តម្រូវការបែងចែក និងនីតិវិធីចំពោះការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ។

១. ផែនការ 

ចំពោះកិច្ចប្រជុំខាងលើនេះ គឺជាកិច្ចប្រជុំត្រៀមខ្លួនទុកជាមុន (មុនពេលដែលការផលិតវ៉ាក់សាំងកូវីដ-១៩ ទទួលស្គាល់ជាផ្លូវការ) បានពិភាក្សាទៅលើផែនការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសអាទិភាពណាខ្លះ ដែលអាចទទួលបានវ៉ាក់សាំងមុនគេ។ ជាលទ្ធផលនៃកិច្ចប្រជុំ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា ភាគីប្រទេសកម្ពុជា ប្រហែលអាចនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពាក់កណ្ដាលឆ្នាំ២០២១។

២. តម្រូវការបែងចែក

ក្នុងការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ក្រោយពេលវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ជាផ្លូវការ) បណ្ដាប្រទេសដែលមានហានិភ័យខ្ពស់ នឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ-១៩ នេះមុនគេ និងច្រើនជាងគេ។ ដោយឡែកចំពោះភាគីប្រទេសកម្ពុជា អង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថាទុកជាមុនថា អាចទទួលបានក្នុងរង្វង់ ៣% នៃចំនួនប្រជាជនសរុប ១៦ លាននាក់ ហើយការទទួលបានចំនួន ៣% នេះនឹងត្រូវទទួលជាដំណាក់ៗ (មិនមែនទទួលបានម្ដងទាំងអស់នោះទេ) ដោយយោងទៅតាមកង្វះខាតនៃផលិតភាព និងភាពចាំបាច់បន្ទាន់របស់ពិភពលោក។

៣. នីតិវិធី

លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញថា ចំពោះវ៉ាក់សាំងកូវីដ-១៩ ដែលបណ្ដាប្រទេសជឿនលឿនកំពុងផលិតនេះ ត្រូវបានបែងចែកទៅតាមប្រភេទខុសៗគ្នា ដោយវ៉ាក់សាំងខ្លះត្រូវបានគេផលិតតម្រូវឲ្យរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី -៤០ អង្សាសេ ទៅដល់ -៦០ អង្សាសេ ហើយខ្លះទៀត ត្រូវរក្សាទុកក្នុងសីតុណ្ហភាពចន្លោះ ៤ អង្សាសេ ទៅដល់ ៨ អង្សាសេ (សីតុណ្ហភាពនៅពេលដឹកជញ្ជូនចែកចាយតាមបណ្ដាប្រទេសនានា) ដូចនេះនិតីវិធីរក្សាទុក តម្រូវឲ្យបណ្ដាប្រទេសនីមួយៗត្រូវការមានប្រព័ន្ធត្រជាក់ខុសៗគ្នាទៅតាមវ៉ាក់សាំងដែលទទួលបាន។ ដោយឡែក ចំពោះនិតីវិធីបែងចែកវិញ អង្គការសុខភាពពិភពលោក បានផ្ដល់ជាយោបល់ពិចារណាដល់កម្ពុជាថា គួរយកចិត្តទុកដាក់ផ្ដល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដែលធ្វើការព្យាបាលផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាអាទិភាពមុនគេ, បន្ទាប់មកគឺក្រុមដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩ ដែលរួមមាន ចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ដែលងាយនិងឆ្លងឬរងគ្រោះពីជំងឺកូវីដ-១៩ នេះ។