ទាំងនេះគឺជាកោះស្អាតៗបំផុតទាំង ៧ នៅប្រទេសកម្ពុជា!

ភូមិភាគនិរតីនៃប្រទេសកម្ពុជា នៅតំបន់ឈូងសមុទ្រថៃក្នុងប្រទេសកម្ពុជាយើង មានកោះស្អាតៗជាច្រើនជាតំបន់ទេសចរណ៍ធម្មជាតិពិសេស និងជាឋានសួគ៍សម្រាប់អ្នកស្រលាញ់ឆ្នេរសមុទ្រ ហើយកម្ពុជាក៏បានក្លាយជាសមាជិកក្លឹបដែលមានឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ថែមទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សម្រាប់ដំណើរកម្សាន្ដលំហែកាយ, ជប់លៀង, មុជបាតសមុទ្រមើលផ្កាថ្ម, ក្រេបទឹកឃ្មុំ, ថតរូបអាពាហ៍ពិពាហ៍ -ល-  ដែលគេសឹងតែមិនចាំបាច់ចំណាយលុយជាច្រើនដើម្បីទៅទេសចរណ៍ដល់តំបន់ឆ្ងាយៗដូចជា ភូកេត, បាលី, ឬម៉ាឌីវ ឡើយ។ ខាងក្រោមនេះគឺជាកោះស្អាតបំផុតទាំង ៧ ដែលត្រូវបានណែនាំដោយសារព័ត៌ទេសចរណ៍អន្តរជាតិ CNN Travel។ 

១. កោះរ៉ុង

កោះរ៉ុងជាទិសដៅទេសចរណ៍តំបន់កោះធំបំផុតប្រចាំប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុកជាកោះពិសេសបំផុតសម្រាប់ពិធីជប់លៀង។ ដើម្បីបានទៅដល់កោះរ៉ុង គេត្រូវចំណាយពេល ៤៥ នាទីក្នុងការធ្វើដំណើរតាមកាណូតពីក្រុងព្រះសីហនុ។ នៅលើកោះរ៉ុងសម្បូរទៅដោយកន្លែងសំណាក់ជាច្រើនប្រភេទ បឹងហ្គាឡូ ឬស្នាក់នៅតាមភូមិជាមួយតម្លៃសមរម្យផងដែរ ជាពិសេសគឺមាន Island Pub ដើម្បីកម្សាន្ដជប់លៀង ហើយរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍លើឆ្នេរ Police Beach មានការជប់លៀងពេញមួយរាត្រី។ 

២. កោះរ៉ុងសន្លឹម

នៅមិនឆ្ងាយពីកោះរ៉ុងប៉ុន្មាន កោះរ៉ុងសន្លឹមជាគោលដៅទេសចរណ៍កោះល្អបំផុតសម្រាប់លំហែកាយ។ កោះរ៉ុងសន្លឹមបានរីកលូតលាស់នូវរីសតស្អាតៗ បឹងហ្គាឡូឈើបំពាក់ម៉ាស៊ីនត្រជាក់ជាច្រើន ជាមួយតំបន់ឆ្នេរខ្សាច់សដ៏ស្រស់ស្អាតជាច្រើនកន្លែង ងាយស្រួលដល់ការលំហែកាយលក្ខណៈគូស្នេហ៍ ជិះទូកកម្សាន្ដ មើលថ្ងៃលិច និងដេកហាលថ្ងៃជាដើម។ 

៣. កោះសង្សារ

កោះសង្សារគឺជាកោះឯកជនតូចមួយ ស្ថិតនៅក្បែររីសត Palm Beach Bungalow នៅលើកោះរ៉ុង។ កោះសង្សារត្រូវបានទិញដោយប្ដីប្រពន្ធជនជាតិអូស្ត្រាលីនៅឆ្នាំ ២០០៦ ក្នុងតម្លៃ ១.៥ ម៉ឺនដុល្លារក្រោមសិទ្ធកាន់កាប់កោះ ៩៩ ឆ្នាំ ហើយបច្ចុប្បន្ននេះវាត្រូវក្លាយជាកោះល្អបំផុតសម្រាប់ការក្រេបទឹកឃ្មុំរបស់គូរស្វាមីភរិយាថ្មី ដោយសារតែកោះសង្សារបើកចេញជារីសតលំដាប់អន្ដរជាតិល្អបំផុត ក្នុងនោះរួមមានវីឡារីសតចំនួន ២៤ ជាមួយតម្លៃ ៣,០០០ ដុល្លារក្នុងមួយយប់។

៤. កោះថ្មី

កោះថ្មីជាកន្លែងល្អបំផុតសម្រាប់អ្នកស្រលាញ់ធម្មជាតិ ដោយសារកោះនេះស្ថិតនៅឧទ្យានជាតិរាម ដែលជាតំបន់អភិរក្សដោយរដ្ឋ និងសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទដូចជាសត្វស្វា, បក្សី, ត្រី, សត្វល្មូន -ល-។ កោះថ្មីពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរណ៍អាចកម្សាន្ដជាមួយធម្មជាតិតាមរយៈការជិះកង់, ឡើងភ្នំ, មើលបក្សី, មុជទៅសមុទ្រដើម្បីមើលត្រីនិងផ្កាថ្ម ជាដើម។ នៅកោះថ្មីរីសត ត្រូវបានរចនាដោយភាពសាមញ្ញស៊ីជាមួយធម្មជាតិ ដោយសាងសង់ដោយឈើនិងបំពាក់ផ្ទាំងសូឡាដើម្បីផលិតថាមពល។

៥. កោះតាគៀវ

កោះតាគៀវ មិនសូវមានកន្លែងសំណាក់ច្រើននោះទេ ដោយវាមានតែរីសតមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមានភាពស្រស់ស្អាត។ កោះតាគៀវស្ថិតនៅមិនឆ្ងាយពីឆ្នេររាមប៉ុន្មានឡើយ ហើយមានសកម្មមួយចំនួនដែលពេញនិយម ដូចជាភ្ញៀវទេសចរណ៍អាចកម្សាន្ដនៅឆ្នេរសមុទ្រ, ដើរព្រៃ, និងមុជទឹកជ្រៅជាដើម។ លើសពីនេះសម្រាប់ពេលរាត្រី វាពេញនិយមបំផុតសម្រាប់ការជួលតង់ឬជួលអង្រឹងដើម្បីគយគន់ផ្កាយលើមេឃ និងស្ដាប់សម្លេងទឹកសមុទ្រជាដើម។ 

៦. កោះតាំង

កោះតាំងស្ថិតនៅឆ្ងាយពីដីគោកបន្ដិច ដោយគេត្រូវចំណាយពេលប្រហែល ៥ ម៉ោងដើម្បីទៅដល់។ ប៉ុន្តែវាក៏សាកសមជាមួយការធ្វើដំណើរផងដែរ ដោយនៅទីនោះសម្បូរទៅដោយផ្កាថ្ម អេកូឡូស៊ី ជីវចម្រុះក្នុងសមុទ្រជាច្រើនប្រភេទ ដែលធ្វើឲ្យកោះតាំង និងកោះព្រីន (នៅក្បែរនោះ) ជាកន្លែងល្អបំផុតក្នុងប្រទេសកម្ពុជាសម្រាប់ការមុជទឹកជ្រៅ ឬទេសចរណ៍បាតសមុទ្រ។ 

៧. កោះទទឹង

ប្រសិនបើអ្នកចង់ផ្ដាច់ខ្លួនចេញពីជីវិតនៅទីក្រុង ឬទីប្រជុំជន និងរស់នៅជាមួយឆ្នេរសមុទ្របានពេញ ១០០% នោះអ្នកគួរទៅទេសចរណ៍នៅកោះទទឹង ដោយសារតែកោះនេះមានសម្រស់ស្អាត មិនមាន Wi-Fi សម្រាប់ប្រើនោះទេ, មិនមានសម្លេងរំខាននោះទេ, ទឹកប្រើប្រាស់គឺជាទឹកភ្លៀងដែលបានស្ដុកទុក, ថាមពលអគ្គិសនីប្រើប្រាស់ផ្ទាំងសូឡា -ល-។ កោះទទឹងស្ថិតនៅក្នុងខេត្តកោះកុង និងមិនឆ្ងាយពីដីគោកប៉ុន្មានឡើយ យ៉ាងណាមិញផលវិបាកគឺវាមិនសូវសម្បូររីសតសម្រាប់ស្នាក់នោះទេ ដូចនេះតម្រូវឲ្យយើងកក់ឲ្យបានមុន។