រដ្ឋាភិបាលបើកឱ្យធ្វើចរាចរណ៍ឡើងវិញ នៅបណ្ដាផ្លូវលិចទឹកនៅក្នុងខេត្តកណ្ដាល ក្រោយពេលទឹកស្រក

ភ្នំពេញ៖ ក្រោយពីស្ថានភាពជំនន់ទឹកភ្លៀង ដែលបានវាយប្រហារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងទឹកដីខេត្តកណ្ដាល អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ដែលនាំឱ្យរដ្ឋាភិបាល សម្រេចផ្អាកកិច្ចដំណើរការ នៃចរាចរណ៍ នៅតាមបណ្ដាផ្លូវជាច្រើនរួចមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋាភិបាលបានសម្រេចបើកឱ្យផ្លូវមួយចំនួនធំ ដំណើរការឡើងវិញហើយ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ នេះ បានប្រកាសឱ្យប្រជាពលរដ្ឋឱ្យបានដឹងថា​ ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀង ដែលបានវាយប្រហារកំណាត់ផ្លូវមយចំនួន ក្នុងទឹកដីខេត្តកណ្ដាល បានធូស្បើយ និងស្រកផុតអស់ពីតួផ្លូវ ប្រជាពលរដ្ឋ ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរជាធម្មតាវិញ គិតចាប់ពីថ្ងៃនេះតទៅ។ យ៉ាងណាក៏ដោយ ផ្លូវចំនួន ៣ កំណាត់ នៅមិនទាន់បានអនុញ្ញាតឱ្យធ្វើចរាចរឡើងវិញនោះទេ រួមមានដូចជា៖

១. ផ្លូវជាតិលេខ២

២. ផ្លូវជាតិលេខ ២០

៣. ផ្លូវជាតិលេខ លេខ ៣៤ (1KD9) 

ការហាមឃាត់ផ្លូវទាំង ៣ ខាងលើនេះ នឹងបន្តអនុវត្តជាធម្មតា ពោលគឺមិនឱ្យរថយន្តដឹកទំនិញធុនធំ ធ្វើការឆ្លងកាត់ឡើយ ដោយមូលហេតុ នាំឱ្យមានការបំផ្លិចបំផ្លាញផ្លូវធ្ងន់ធ្ងរ ដោយសារតែទឹកលិច។ ផ្លូវទាំង៣ កំណាត់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខាងលើ នឹងត្រូវរង់ចាំរហូតស្ថានភាពទឹកល្អប្រសើរឡើងវិញ​ គឺស្រកផុតអស់ពីចិញ្ចើមផ្លូវ និងជាយផ្លូវ ដោយក្រសួង នឹងប្រកាសប្រាប់នាពេលក្រោយ។ 

ជាមួយគ្នានោះដែរ កំណាត់ផ្លូវជាតិលេខ ៤ និងលេខ ៤១ ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ឡើងវិញផងដែរ កាលពីពេលថ្មីៗកន្លងទៅ ដោយរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់បាន។ ដោយឡែកកំណាត់ផ្លូវខេត្ត ១៤១ នៅមិនទាន់បើកឱ្យធ្វើដំណើរឆ្លងកាត់វិញនៅឡើយទេ ដោយសារតែស្ថានភាពទឹកមិនទាន់ធូស្បើយនៅឡើយ។ គួររំលឹកផងដែរថា រដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការកំណាត់ផ្លូវសំខាន់ៗរួមមានដូចជា៖ ផ្លូវជាតិលេខ ២,៣, ៤, ៥, ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ ២១ បេ ដែលមានទីតាំងក្នុងទឹកដីខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ ដោយសារតែជំនន់ទឹកភ្លៀងបានហូរកាត់ មិនអាចធ្វើចរាចរណ៍បាន៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន