ពន្ធចំណេញលើមូលធន ២០% ត្រូវបានពន្យាការអនុវត្តទៅឆ្នាំ២០២២!

កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសអំពីការចាប់ផ្ដើមអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធន ក្នុងអត្រាថេរ ២០% ដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំ២០២១ ហើយវាបានក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ជាពិសេសពីសំណាក់វិនិយោគិន ម្ចាស់អាជីវកម្ម និងអ្នកកាន់កាប់អចលនទ្រព្យជាដើម ដោយសារតែភាពបន្ទាន់ខ្លាំងពេកនៃការប្រមូលពន្ធនេះ និងការរងសម្ពាធពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

ដោយឡែកនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញនូវសេចក្ដីប្រកាសជាថ្មី ស្ដីពីការពន្យាពេល នៃការប្រមូលពន្ធចំណេញមូលធន ២០% នេះពីខែមករា ឆ្នាំ២០២១ បានលើកទៅដល់ខែមករា ឆ្នាំ២០២២ វិញ ដោយពន្យារយៈពេល ១ ឆ្នាំថែមទៀត ក្រោមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទុកពេលឲ្យអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ស្វែងយល់កាន់តែច្បាស់អំពីបទប្បញ្ញាតិស្ដីពីពន្ធលើចំណេញមូលធន និងត្រៀមខ្លួនអនុវត្តការបង់ពន្ធលើចំណេញមូលធននេះឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ។