សៀមរាប ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ប្រចាំឆ្នាំ២០២១-២០២២

បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី៩ ស្ដីពី «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខ សម្រាប់វិស័យវប្បធម៌និងសិល្បៈ» តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២០-២២ ខែតុលា ឆ្នាំ២០២០ រួចមក ភាគីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងបណ្ដាប្រទេសដទៃទៀត បានឯកភាពក្នុងការប្រកាស ក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២។ 

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការជ្រើសរើសក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២ គឺដោយសារតែទីក្រុងសៀមរាប ជាអតីតរាជធានីនៃចក្រភពខ្មែរសម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី ហើយក៏ជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ក្នុងប្រទេសកម្ពុជា ដ៏ល្បីល្បាញពាសពេញពិភពលោកផងដែរ។ 

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨ មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្ដូរវេនដឹកនាំកិច្ចប្រជុំជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ 

ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងៗគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន ហើយការជ្រើសរើសនេះមានសុពលភាពរយៈពេល ២ ឆ្នាំ។ 

ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន៖ 

១. ទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០១០-២០១១

២. ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០១២-២០១៣

៣. ទីក្រុង Hue ប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៤-២០១៥

៤. ទីក្រុង Bandar Seri Begawan ប្រទេសប្រុយណេ ចាប់ពីឆ្នាំ២០១៦-២០១៧

៥. ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០១៨-២០២០