សេដ្ឋកិច្ចឥណ្ឌាឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន គិតចាប់ពីថ្ងៃទទួលបានឯករាជជាតិ ១៩៤៧

ញូវដេលី៖ ការរាតត្បាតនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឥណ្ឌា ហើយគិតមកដល់ចុងឆ្នាំ ២០២០ នេះឃើញថា សេដ្ឋកិច្ចឥណ្ឌា បានធ្លាក់ចុះខ្លាំង និងឈានដល់កម្រិតធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក បើគិតចាប់ពីថ្ងៃដែលឥណ្ឌា បានទទួលនូវឯករាជ្យជាតិ ចាប់តាំងពីឆ្នាំ ១៩៤៧ មក។

សេដ្ឋកិច្ចរបស់ឥណ្ឌាពេញមួយឆ្នាំ ២០២០ នឹងប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋ ទំនាក់ទំនងពាណិជកម្មជាតិ និងអន្តរជាតិ ដែលទាញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងពុំធ្លាប់មាន នេះបើយោងតាមប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ។ បើទោះបីជារដ្ឋាភិបាលឥណ្ឌា បានខិតខំប្រឹងប្រែង បន្ធូរបន្ថយ ការរឹតបន្តឹង នៅលើផ្ទៃប្រទេស ដើម្បីជួយសម្រាលទៅដល់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក៏ដោយ ក៏ប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ នៅអាស៊ីមួយនេះ ពុំអាចធ្វើឱ្យសេដ្ឋកិច្ចខ្លួនល្អប្រសើរឡើងវិញនោះទេ។

ការធ្លាក់ចុះសេដ្ឋកិច្ចចាប់ពីត្រីមាសទី២ មក ធ្វើឱ្យលទ្ធផលនៃត្រីមាសទី៤ នេះបង្ហាញអំពីការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពី ២ ត្រីមាស បានទាញឱ្យការធ្លាក់ចុះនោះដល់កម្រិតខ្ពស់។ ឈានដល់កម្រិតធ្ងន់ធ្ងរនេះ គឺចោទឡើងពីមេរោគកូវីដ ១៩ ដែលបានបំផ្លិចបំផ្លាញ ជីវភាពរស់នៅរបស់ប្រជាជលជាង ១.៣ ពាន់លាននាក់ ដោយក្នុងនោះ មានជាង ១០ លាននាក់ផ្សេងទៀត ជាអ្នកចេញទៅធ្វើការនៅប្រទេសឥណ្ឌា ដែលត្រូវបាត់បង់ការងារ និងរឹតត្បិតសិទ្ធិជាបន្តបន្ទាប់ ក្នុងគោលបំណងកាត់បន្ថយអត្រាឆ្លង នៅទូទាំងផ្ទៃប្រទេស។ 

ប្រភពដដែលបានបញ្ជាក់ថា ពេញមួយឆ្នាំនេះ សេដ្ឋកិច្ចឥណ្ឌាទាំងមូល អាចធ្លាក់ចុះក្នុងអត្រា ៩.៥% នេះបើយោងតាមការវាយតម្លៃរបស់ធនាគារជាតិឥណ្ឌា ដែលបានចេញរបាយការណ៍កាលពីខែតុលា កន្លងទៅ។ យ៉ាងណាក៏ដោយ តាមរយៈការវិភាគរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានធ្វើសេចក្ដីសន្និដ្ឋានថា នឹងអាចធ្លាក់ដល់ទៅ ១០.៣% ខណៈអ្នកសេដ្ឋកិច្ច នៃមហាវិទ្យាល័យ Oxford សន្និដ្ឋានថា សេដ្ឋកិច្ចអាចដាំក្បាលចុះដល់ទៅ ១២% ឯណោះ ពេញមួយឆ្នាំ ២០២០ ជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដោយលទ្ធផលនៃការប៉ះពាល់នេះ នឹងបន្តឥទ្ធិពលដល់ឆ្នាំ ២០២៥ ខាងមុខ។

គួររំលឹកឡើងវិញថា ឥណ្ឌា គឺជាប្រទេស ដែលបានដាក់ចេញវិធានការរឹតត្បិតសិទ្ធិរបស់ប្រជាពលរដ្ឋខ្លាំងជាងគេមួយ ក្នុងចំនោមប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ ឥណ្ឌាក៏ជាប្រទេស ដែលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នយូរ និងវែងជាងគេ ដោយសារតែភ័យខ្លាចការឆ្លងនៃជំងឺកូវីដ ១៩ តែបើទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋឥណ្ឌាច្រើនជាង ៩.៣ ពាន់លាននាក់ បានឆ្លងជំងឺនេះរួចទៅហើយ ខណៈមានជាង ១៣៥,០០០ នាក់បានស្លាប់បាត់បង់ជីវិត។ ក្ដីសង្ឃឹមរបស់ឥណ្ឌានៅពេលនេះ មានតែវ៉ាក់សាំងការពារប៉ុណ្ណោះ ហើយត្រូវចំនាយពេលច្រើនឆ្នាំបន្ថែមទៀត ដើម្បីស្ដារ និងជួសជុលសេដ្ឋកិច្ចជាតិឡើងវិញ៕