រោងភាពយន្ដ និងសារមន្ទីរ ត្រូវបានផ្អាកដំណើរការ ២ សប្ដាហ៍!

បន្ទាប់ពីបានរកឃើញករណីមានអ្នកឆ្លងជំងឹកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូង ដែលមិនទាន់រកប្រភពឃើញនៅឡើយ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាល តាមរយៈការផ្អាកដំណើរការទីតាំងដែលអាចប្រឈមហានិភ័យខ្ពស់ដូចជាផ្សារទំនើបអ៊ីអនភ្នំពេញ សាលារៀន ក្លឹបកីឡា និងសណ្ឋាគារពាក់ព័ន្ធ -ល-។ លើសពីនេះ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ទើបតែបានចេញសេចក្ដីប្រកាស ផ្អាកអាជីវកម្មរោងភាពយន្ដ មហោស្រពសិល្បៈ និងសារមន្ទីរទូទាំងប្រទេសរយៈពេល ២ សប្ដាហ៍ផងដែរ។   

យោងតាមលិខិតលេខ ១១៤ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រសួងសូមជូនដំណឹងដល់សាធារណជន សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការរោងភាពយន្ដ និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល ២ សប្ដាហ៍ជាបណ្ដោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្ដីជូនដំណឹង ការពារពីជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ 

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រកឃើញករណីឆ្លងក្នុងសហគមន៍ថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅនេះ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកជាប់ពាក់ព័ន្ធជាង ១ ពាន់នាក់ហើយ ដោយបានរកឃើញករណីឆ្លងថ្មីចំនួន ១៤ នាក់គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកានេះ ភាគច្រើនស្ថិតនៅក្នុងក្រុមគ្រួសាររបស់មន្ត្រីនៃក្រសួងមហាផ្ទៃសរុប ៩ នាក់។