ជប៉ុន ជួយដល់ការរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ ព្រមទាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងទំលាក់ចូលក្នុងទន្លេ!

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹកកខ្វក់ កាត់បន្ថយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយកសាងនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយទៅជាទឹកស្អាត មុននឹងបង្ហូរចូលទៅក្នុងទន្លេផងដែរ។ 

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះនៅក្នុងឱកាសសម្តែងការគួរសមជាមួយលោក SUGA NoYuichi ប្រធានតំណាងទីភ្នាក់ងារ JICA ចប់អាណត្តិ និងលោកស្រី កាម៉េ ហារុកុ ប្រធានតំណាង JICA អាណត្តិថ្មី កាលពីសប្ដាហ៍មុន។ ឯកឧត្តម បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលបានជួយដល់រាជធានីភ្នំពេញកន្លងមក ជាក់ស្ដែង ការងារកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់, ការផ្ដល់រថយន្ដក្រុងសាធារណៈ, ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ, និងជាមួយការផ្ដល់ជំនួយបច្ចេកទេសផ្សេងៗជាច្រើនទៀត។ 

ឯកឧត្តម បានបញ្ជាក់ថា កន្លងទៅនេះក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលទីភ្នាក់ងារ JICA បានធ្វើឡើងក្នុងខណ្ឌ ៧មករា យើងឃើញថាខណ្ឌនោះ បានកាត់បន្ថយនូវការលិចលង់យ៉ាងច្រើនគួរឲ្យកត់សម្គាល់ ចំណែកគម្រោងការពារទឹកជំនន់ជំហានទី៤ បាននិងកំពុងធ្វើឡើងនៅក្នុងខណ្ឌចំនួន ២ គឺខណ្ឌទួលគោក និងខណ្ឌដូនពេញ ដែលមានការរៀបចំលូបង្ហូរទឹកខ្នាតធំ ហើយសង្ឃឹមថាអាចជួយកាត់បន្ថយការជន់លិចថែមមួយកម្រិតទៀត។ លើសពីនេះ ភ្នាក់ងារ JICA ក៏បានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបង្ហូរទឹកស្អាតចូលទៅក្នុងទន្លេផងដែរ ដើម្បីកាត់បន្ថយបញ្ហាបំពុលគុណភាពទឹក ព្រោះវាអាចប៉ះពាល់ដល់ការប្រើប្រាស់ទឹកទន្លេរបស់ប្រជាពលរដ្ឋតាមដងទន្លេទាំងនេះ ជាពិសេសនៅខេត្តកណ្ដាលជាដើម។

ក្រោយពីលោក SUGA NoYuichi ប្រធានភ្នាក់ងារ JICA បានបញ្ចប់អាណត្តិទៅ អង្គការ JICA បានសន្យាថានឹងបន្ដជួយប្រទេសកម្ពុជាបន្ថែមទៀត ក្រោមអាណត្តិរបស់លោកស្រី កាម៉េ ហារុកុ រយៈពេល ៣ ឆ្នាំបន្ដបន្ទាប់ ដោយនឹងសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសគឺកិច្ចការផ្ដល់បច្ចេកទេសគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការរៀបចំនគរូបនីយកម្មដែនដី និងប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញជាដើម។