ស្ថានីយថាមពលពន្លឺព្រះអាទិត្យទំហំ ១៣៥ ហិកតាអនុភាព ៦០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់ អាចរួមចំណែកផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា!

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះទស្សនកិច្ចពិនិត្យមើលដំណើរការ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាពសរុប ៩០ មេហ្គាវ៉ាត់ ស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនី ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដែលផ្ដល់អាទិភាពទៅលើធនធានមនុស្ស, ផ្លូវ, ទឹក, ភ្លើង ក្នុងនោះថាមពលបៃតងប្រើមិនចេះរីងស្ងួតបៃតង ក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់អគ្គិសនីផងដែរ។ គិតមកទល់ពេលនេះយើងមានវារីអគ្គិសនីចំនួន ៧ កន្លែងហើយដោយ ៦ កន្លែងស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជាដូចជា៖ វារីអគ្គិសនីស្ទឹងអាតៃ (ពោធិ៍សាត់), ឬស្សីជ្រុំក្រោម (កោះកុង), កំចាយ (កំពត), គីរីរម្យ១ (កំពង់ស្ពឺ), គិីរីរម្យ៣ (កោះកុង), និងវារីអគ្គិសនីតាតៃ (កោះកុង)។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង ដែលជាស្ថានីយផលិតផលធំបំផុតប្រចាំនៅកម្ពុជា ដែលមានអនុភាពដល់ ៤០០ មេហ្គាវ៉ាត់ និងសម្ពោធដំណើរនៅចុងឆ្នាំ២០១៨។ 

ត្រង់ចំណុចនេះ ឯកឧត្តមបានបញ្ជាក់ថា ខេត្តពោធិ៍សាត់ ជាខេត្តមួយដើរតួនាទីយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ស្ថានីយថាមពលអគ្គិសនី ជាថាមពលបៃតងប្រើមិនចេះរីងស្ងួត ជាក់ស្ដែងកាលពីចុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវគម្រោងសាងសង់កន្លែងផលិតថាមពលថ្មី ២ កន្លែង រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាលពលបាន ៨០ មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានទំហំ ១៣៥ ហិកតា ស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតផលបាន ៩០ មេហ្គាវ៉ាត់។ 

សូមបញ្ជាក់ផងដែរថា គម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុន SCHNEITEC Co., Ltd អនុម័តកាលពីខែធ្នូ ឆ្នាំ២០១៩ មានផ្ទៃដី ១៣៥ ហិកតា ដោយប្រើប្រាស់សម្រាប់ផ្ទាំងសូឡា សាងសង់អគារ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបច្ចុប្បន្នស្ថានីយអាចផលិតថាមពលបាន ៦០ មេហ្គាត់វ៉ាត់ និងគ្រោងតម្លើងថាមពលដល់ ៩០ មេហ្គាវ៉ាត់នៅដើមឆ្នាំ២០២១ ខាងមុខ។