អេហ្ស៊ីបរំពឹងថា កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញចន្លោះ ២.៨% ទៅ ៤% នាឆ្នាំ ២០២១ ខាងមុខ

អេហ្ស៊ីប៖ សេដ្ឋកិច្ចរបស់អេហ្ស៊ីប បានរងផលប៉ះពាល់ធ្ងន់ធ្ងរ មិនខុសពីបណ្ដាប្រទេសនានា នៅទូទាំងពិភពលោកឡើយ ដោយសារតែឥទ្ធិពលនៃវីរុសកូវីដ ១៩ ដែលបានកំពុងបន្តវាយប្រហារ និងសម្លាប់អាយុជីវិតមនុស្សអស់ជាច្រើនក្នុងឆ្នាំ២០២០ នេះ។ យ៉ាងណាក៏ដោយ ឆ្នាំក្រោយ រដ្ឋាភិបាលអេហ្ស៊ីបរំពឹងទុកថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអេហ្ស៊ីប លោក Mohamed Maait បានឱ្យដឹងថា អេហ្ស៊ីបានឈានដល់ចំនុចវិជ្ជមាន នៃអត្រាកើនឡើង ជុំវិញលទ្ធផលទទួលបានជោគជ័យ នៃស្ថានភាពនៅទូទាំងសកលោក ជុំវិញការរាតត្បាតនៃជំងឺកូវីដ ១៩។ តាមរយៈនេះ កំណើនសេដ្ឋកិច្ចរបស់អេហ្ស៊ីបរំពឹងទុកថា នឹងកើនឡើងវិញបានចន្លោះចាប់ពី ២.៨% ទៅ ៤% នាឆ្នាំ ២០២១ តទៅឆ្នាំ ២០២២ ខាងមុខនេះ ដោយពឹងផ្អែកទៅលើវិស័យឯកជនភាគច្រើន។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះ បានបន្តឱ្យដឹងទៀតថា ការកើនឡើងនៃចំនួនភាគរយនេះ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ ដែលមើលឃើញទៅលើវិស័យនីមួយៗ ព្រោះថាវិស័យទេសចរណ៍ និងអាកាសចរណ៍ បានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែការរាតត្បាតចាប់តាំងពីដើមឆ្នាំមក។ យើងត្រូវធានាដល់ការបង្កើតនូវឱកាស សម្រាប់វិស័យឯកជន ក្នុងការចូលរួមជុំវិញការអភិវឌ្ឍន៍លើគម្រោងនានានៅទូទាំងប្រទេស ក្រោមកិច្ចសហការណ៍ជាមួយក្រសួងដឹកជញ្ជូនអេហ្ស៊ីប ដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អនាឆ្នាំក្រោយតទៅ។

តាមរយៈទិន្នន័យពីគណៈរដ្ឋមន្រ្តីអេហ្ស៊ីប បានអោយដឹងថាប្រទេសនេះ បានឈរលើលំដាប់កំពូលនៃសេដ្ឋកិច្ចទីផ្សារ ដែលមានអត្រាអតិផរណាក្នុងឆ្នាំបច្ចុប្បន្ននេះ។ ជាមួយគ្នានោះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានលើកឡើងថា អេហ្ស៊ីបទទួលបានការធ្លាក់ចុះប្រចាំឆ្នាំអតិផរណាខ្ពស់បំផុតនៅក្នុងទីផ្សារកំពុងរីកចម្រើននៅឆ្នាំ ២០២០ នេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ជាមួយនឹងការធ្លាក់ចុះ ៨.២%។ មិនតែប៉ុណ្ណោះ ក្នុងចំណោមផលប៉ះពាល់នៃផែនការកំណែទម្រង់សេដ្ឋកិច្ចជាត អត្រាអតិផរណាធ្លាក់ចុះដល់ ៥.៧% ក្នុងអំឡុងឆ្នាំ២០១៩ ទៅឆ្នាំ ២០២០ បើប្រៀបធៀបនឹង ១៣.៩% កាលពីឆ្នាំ ២០១៨ ទៅឆ្នាំ ២០១៩ កន្លងទៅ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអេហ្ស៊ីបរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ៦% ទៅ ៦.៥% មុនពេលដែលវីរុសកូវីដ ១៩ បានលេចឡើយ តែជាអកុសល សេដ្ឋកិច្ចប្រទេសមួយនេះបានធ្លាក់ចុះ និងប៉ះពាល់ខ្លាំងបំផុតលើវិស័យទេសចរណ៍ ធ្វើឱ្យខាតបង់ប្រាក់ចំណូលជាតិរាប់សិបលានដុល្លារ និងប៉ះពាល់ទៅដល់អាជីវកម្មតូចធំជាងច្រើន នៅទូទាំងប្រទេស៕