ឥណ្ឌូនេស៊ី រងគ្រោះដោយករណីផ្ទុះភ្នំភ្លើង ប៉ះពាល់ពលរដ្ឋជាង ៤ ពាន់នាក់ ដែលត្រូវបង្ខំចិត្តជម្លៀសខ្លួន

ហ្សាកាតា៖ ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ បានរត់ និងភាសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីហេតុការណ៍ផ្ទុះភ្នំភ្លើងមួយបានកើតឡើង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលបង្ករឱ្យមានការភ័យខ្លាច តែសំណងល្អមិនបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ហេតុការណ៍ធម្មជាតិ នៃការផ្ទុះភ្នំភ្លើងនោះ កើតឡើងនៅភ្នំភ្លើងចំណាស់មួយឈ្មោះថា Mount Ili Lewotolok ដែលបានផ្ទុះឡើងសារជាថ្មីម្ដងទៀត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងរយៈពេលជាង ១០ នាទី ដែលបង្ករឱ្យមានការភ័យខ្លាច រត់ភាសខ្លួន ទៅទីកន្លែងមានសុវត្ថិភាព។ អាជ្ញាធរក្នុងតំបន់ បានប្រកាសអាសន្នភ្លាម ឱ្យមានការភាសខ្លួន និងរកទីកន្លែងមានសុវត្ថិភាព ដោយហេតុថាភ្នំភ្លើងនោះ អាចនឹងផ្ទុះចេញជាកំអែល។

តាមរយៈភ្នាក់ងារគ្រោះធម្មជាតិរបស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនោះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៤,៤០០ នាក់ មកពីភូមិចំនួន ២៦ ផ្សេងៗគ្នា ហើយកំទិចផេះ និងផ្សែងបានហោះឡើងទៅបរិយាកាសកម្ពស់ជាង ៤ គីឡូម៉ែត្រ។ ក្រោយហេតុការណ៍នោះ កើតឡើងអាជ្ញាធរតំបន់បានឱ្យដឹងថា ពុំមានពលរដ្ឋមួយណារងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយក្នុងនោះក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានចេញសេចក្ដីបង្គាប់ណែនាំ ឱ្យពលរដ្ឋរងគ្រោះពាក់ម៉ាស និងវ៉ែនតាការពារ ពីកំទិចផេះ ក៏ដូចជាបង្ការពីការឆ្លងជំងឺកូវីដ ១៩ ផងដែរ។

បច្ចុប្បន្នបរិវេណនៅជុំវិញភ្នំភ្លើង Mount Ili Lewotolok ចំនួន ៤ គីឡូម៉ែត្រ មិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ហើយព្រលានយន្តហោះនៅក្បែនោះក៏ត្រូវផ្អាកប្រតិបត្តិការ នៃការហោះហើរផងដែរ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានភ្នំភ្លើងមានជីវិតចំនួន ១៣០ នាពេលបច្ចុប្បន្ន ដោយហេតុថាប្រទេសនេះស្ថិតនៅក្នុងតំបន់ (Ring of Fire) ជាខ្សែក្រវ៉ាត់នៃព្រំប្រទល់ចាន រាងជារង្វង់ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក និងជាកន្លែងមានសកម្មភាពរញ្ជួយកើតឡើងជាញឹកញាប់។