កម្ពុជា-រុស្សី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការធ្វើសមាហរណកម្មរបស់កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី បើទោះបីជាស្ថិតក្នុងការរាតត្បាត និងឆ្លងនៃជំងឺកូវីដ ១៩ ក៏ដោយ បានសម្រេចចិត្ត ដោយប្ដេជ្ញា ខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាបន្តទៀត លើវិស័យវិនិយោគ ពាណិជ្ជកម្ម ដើម្បីប្រយោជន៍នៃសង្គមសេដ្ឋកិច្ច។

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។

ស្ថិតក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីលទ្ធផលជោគជ័យក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ ដែលបានធ្វើឡើងរវាងកម្ពុជា-ចិន កម្ពូជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងសំខាន់ៗផ្សេងទៀត ក្នុងគោលដៅបើកទីផ្សារឱ្យកម្ពុជា ធ្វើការប្រកួតប្រជែងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែប្រសើរ។ យ៉ាងណាក៏ដោយ កម្ពុជា ក៏ត្រូវការ ការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ 

តាមរយៈឯកអគ្គរដ្ឋទូតរុស្ស៊ី ភាគីកម្ពុជា ក៏បានធ្វើការស្នើសុំ ឱ្យរុស្សីអញ្ជើញធុរជន និងវិនិយោគិនកម្ពុជា ចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សីទទូលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលយកសំណើទាំងនេះ ដើម្បីជម្រាបជូនរដ្ឋាភិបាលរុស្សី និងសន្យាថានឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។ 

គួរបញ្ជាក់ថា សេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងរុហ្ស៊ី ក្នុងរយៈពេល ១០ ដំបូង នៃឆ្នាំ២០២០ កន្លងទៅ នេះបានធ្លាក់ចុះប្រមាណជា ១៨% ដោយសារតែជំងឺកូវីដ ១៩ បានរាតត្បាតខ្លាំង។ បើទោះបីជាស្ថិតក្នុងកាលៈទេសៈ បែបនេះក៏ដោយ ក៏រដ្ឋាភិបាល នៃប្រទេសទាំងពីរ បានប្ដេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យកាន់តែប្រសើរ ដើម្បីជម្រុញឱ្យការអភិវឌ្ឍរបស់កម្ពុជាដំណើរការទៅមុខ៕

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម