គម្រូលិខិតឆ្លងដែនបែបឌីជីថលថ្មីនេះ នឹងរក្សាទុករាល់ព័ត៌មានពីសុខភាពរបស់អ្នក ហើយអាចនឹងត្រូវទាមទារសម្រាប់ការហោះហើរនៅឆ្នាំក្រោយ!

គម្រូលិខិតឆ្លងដែនថ្មី អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយអ្នកឲ្យឆ្លងកាត់ព្រំដែននៃប្រទេសធំៗណាមួយ ដែលអ្នកចង់ទៅ នៅក្នុងកំពុងពេលរាតត្បាតនៃវីរុសកូរ៉ូណានេះ។

 

កាលពីសប្តាហ៍មុន សមាគមន៍ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានធ្វើការប្រកាសថា វាស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍចុងក្រោយ នៃលិខិតឆ្លងដែនថ្មីរបស់ IATA ដែលជាលិខិតឆ្លងដែនបែបឌីជីថល នៅក្នុងទម្រង់ជាកម្មវិធី (app) ដែលអាចជាគន្លឹះ ដើម្បីបើកព្រំដែនអន្តរជាតិឡើងវិញ ក្នុងលក្ខខណ្ឌមួយ ប្រកបដោយសុវត្ថិភាព។

 

លិខិតឆ្លងដែនឌីជីថលនេះ នឹងផ្តល់ព័ត៌មានអំពីលទ្ធផលតេស្តបែបបុគ្គល របស់អ្នកប្រើប្រាស់ ភស្តុតាងនៃការចាក់ថ្នាំបង្ការ (នៅពេលដែលមានវ៉ាក់សាំង) និងតំណរភ្ជាប់ទៅនឹងច្បាប់ចម្លងអេឡិចត្រូនិក នៃលិខិតឆ្លងដែនរបស់ពួកគេ។ អ្នកដំណើរ ឬអ្នកទេសចរអន្តរជាតិ នឹងអាចប្រើកម្មវិធី (app) ដែលបានកំណត់ណាមួយ ដើម្បីធានាថាពួកគេកំពុងគោរពច្បាប់បានយ៉ាងត្រឹមត្រូវ សម្រាប់ការចូលទៅក្នុងព្រំដែននៃគោលដៅរបស់ពួកគេ។

 

នៅពេលធ្វើដំណើរជាមួយកម្មវិធី (app) អ្នកប្រើនឹងបង្ហាញលេខ QR code នៅព្រំដែន ដើម្បីចែកចាយរាល់ព័ត៌មានចាំបាច់ ពាក់ព័ន្ធជាមួយខាងអាជ្ញាធរ។  វានឹងត្រូវបានបង្កើតឡើង ដោយប្រើបច្ចេកវិទ្យាចងជាខ្សែសង្វាក់ - Block-chain មានន័យថា សេវាកម្មនេះនឹងមិនរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដំណើរនោះទេ។ 

 

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Nick Careen អនុប្រធានជាន់ខ្ពស់នៃអាកាសយានដ្ឋាន ដឹកអ្នកដំណើរ ដឹកទំនិញ និងផ្នែកសន្តិសុខ បានមានប្រសាសន៍ថា “អាទិភាពចំបងរបស់យើង គឺធ្វើឱ្យប្រជាជនធ្វើដំណើរម្តងទៀតដោយសុវត្ថិភាព។ ក្នុងរយៈពេលភ្លាមៗ ដែលមានន័យថា ជាការផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថា ការធ្វើតេស្តិ៍រក Covid-19 ដែលមានលក្ខណៈជាប្រព័ន្ធ អាចធ្វើការជំនួស សម្រាប់តម្រូវការ នៃការដាក់ឲ្យនៅដាច់ពីគ្នារយៈពេល 14 ថ្ងៃនោះឯង។ ហើយនៅទីបំផុតវានឹងវិវត្ត ទៅជាកម្មវិធីចាក់វ៉ាក់សាំងតែម្តង (Vaccine program)។ IATA Digital Travel Pass គឺជាដំណោះស្រាយដ៏ល្អ សម្រាប់គោលដៅទាំងពីរ។”

 

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា IATA Digital Travel Pass គួរតែមាន និងអាចប្រើបាននៅក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះ។ វានឹងចាប់ផ្តើមជាមួយកម្មវិធីសាកល្បងនៅចុងឆ្នាំនេះ ជាមួយក្រុមហ៊ុន IAG SA ដែលជាក្រុមហ៊ុនមេ នៃក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរវ៉េ - British Airways។ វា (app នេះ) គួរតែត្រូវបានបង្កើតឡើង និងដាក់ឲ្យជាវ នៅលើឧបករណ៍របស់ Apple (iPhone/iPad/iPod) នៅដើមឆ្នាំ 2021 ជាមួយនឹងការដាក់ឲ្យជាវ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បន្ទាប់ នៅពេលពី ពីរបីខែក្រោយមក។

 

រដ្ឋាភិបាលនឹងអាចប្រើប្រាស់ IATA Travel Pass រួមជាមួយសេវាកម្មផ្សេងទៀត ឬជាកម្មវិធីដាច់ដោយឡែក សម្រាប់ព្រំដែននីមួយៗរបស់ពួកគេ។

 

ទីភ្នាក់ងារ Bloomberg បានរាយការណ៍ថា វាអាចប្រើបានដោយសេរី សម្រាប់អ្នកដំណើរ និងរដ្ឋាភិបាល ដោយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ តម្រូវឲ្យបង់ប្រាក់តិចតួច សម្រាប់សេវាកម្មនេះ ទៅលើអ្នកដំណើរម្នាក់។ 

 

IATA មិនមែនជាអ្នកអភិវឌ្ឍន៍កម្មវិធីនេះតែម្នាក់គត់ឡើយ ដែលធ្វើការលើលិខិតឆ្លងដែនបែបឌីជីថល ក្នុងកំឡុង Covid-19 នេះឡើយ។ ដោយឡែកខាង វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បានបង្កើតកម្មវិធីមួយដែរ ដែលមានឈ្មោះថា CommonPass ហើយក្រុមហ៊ុនសន្តិសុខអន្តរជាតិ SOS បានបង្កើតសេវាកម្មស្រដៀងគ្នាហៅថា AOKpass។